ភ្នំពេញ-ប៉ោយប៉ែត ភ្នំពេញ-ព្រះសីហនុ នឹងមានរថភ្លើងល្បឿនលឿន នាពេលអនាគត


ផ្លូវរថភ្លើងនៅកម្ពុជា នៅភាគនិរតី និងភាគពាយ័ព្យ នឹងត្រូវប្រែក្លាយទៅជាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីជួយជំរុញការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរ អោយមានលឿន និងមានប្រសិទ្ធភាព។ ខណៈបច្ចុប្បន្ន ការសិក្សារថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC បានបញ្ចប់ការសិក្សាបឋមហើយ និងត្រូវបន្ដការសិក្សាបន្ថែមទៀត មុននឹងធ្វើការវិនិយោគ តាមទម្រង់ BOT ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ៤ ពាន់លានដុល្លារ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងសិក្សាសមិទ្ធិលទ្ធភាព នៃផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញព្រះសីហនុ នឹងត្រូវអភិវឌ្ឍន៍ទាំងស្រុង លើផ្លូវរថភ្លើងចាស់ តាមរយៈការរុះរើថ្មី ដោយត្រូវការពង្រីកទទឹងផ្លូវពី ១ ម៉ែត្រ ទៅជា ១,៤ ម៉ែត្រ ពង្រឹងគុណភាពសំណង់ ពីសមត្ថភាពទ្រទម្ងន់ ១៥ តោន ទៅជា ២៥ តោន និងសមត្ថភាពទូររថភ្លើង ដែលរត់បានចន្លោះល្បឿន ៣០-៦០ គីឡូម៉ែត្រ/ម៉ោង ទៅជាផ្លូវដែកអាច រថភ្លើងរត់បាន ១៦០-២០០ គីឡូម៉ែត្រ/ម៉ោង។

ខ្សែរថភ្លើងល្បឿនលឿនដែលកំពុងសិក្សានេះ នឹងបម្រើដល់ការដឹកជញ្ជូនទំនិញផង និងសេវាកម្មដឹកអ្នកដំណើរផង ដោយប្រភេទរថភ្លើង និងស្ថានីយចំណត នឹងត្រូវបានបែងចែកជា ២ ប្រភេទគឺស្ថានីយរថភ្លើង ដឹកអ្នកដំណើរនៅ កណ្ដាលរាជធានី និងស្ថានីយលើកដាក់ទំនិញ ស្ថិតនៅភូមិសាស្ត្រសំរោង។

របាយការណ៍សិក្សាបឋមពីក្រុមហ៊ុន CRBC បានបង្ហាញថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុប ៣៨២ គីឡូម៉ែត្រ ជាខ្សែរថភ្លើងវែងជាងគេ នៅប្រទេសកម្ពុជា ឆ្លងកាត់ចំនួន ៥ ខេត្ត និងមានស្ថានីយចំណតសរុបចំនួន ៣៣ ដោយស្ថានីយ ១៩ នឹងត្រូវសាងសង់រយៈពេលខ្លី ចំណែក ១៤ ស្ថានីយទៀតសាងសង់នៅរយៈពេលវែង។ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ និងប្រើទុនវិនិយោគប្រមាណ ៤ ពាន់លានដុល្លារ រាប់បញ្ចូលទាំងការទិញ ទូររថភ្លើងល្បឿនលឿន ដើរដោយថាមពលអគ្គិសនី អាចរត់បានល្បឿនចាប់ពី ១៦០ គីឡូម៉ែត្រ/ម៉ោង។

តាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា នឹងមានសមត្ថភាព ងើបចេញពីប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់រថភ្លើងល្បឿនលឿន ដូចនេះ រាជរដ្ឋាភិបាល នឹងបើកឱកាសដល់ ក្រុមហ៊ុនវិនិយោគ សាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ តាមរយៈ BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) ដោយពុំចាំបាច់ត្រូវយក កម្ចីហិរញ្ញវត្ថុបរទេស មកអភិវឌ្ឍន៍ឡើយ ដូចអ្វីដែលយើងបានឃើញ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុស្រាប់ ចំណែកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ត្រៀមនឹងបើកសាងសង់ នៅខែមិថុនា ខាងមុខនេះដែរ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ ដល់ប្រទេសកម្ពុជា ដោយក្នុងនោះរួមមាន៖

•    សមត្ថភាពដឹកជញ្ជូនទំនិញបានច្រើន និងឆាប់រហ័ស
•    កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដាផ្លូវជាតិ
•    ដឹកជញ្ជូនភ្ញៀវទេសចរ បានក្នុងបរិមាណច្រើនជាងមុន និងមានប្រសិទ្ធភាព
•    ការចំណាយតិចតួចជាងមុន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន
•    កាត់បន្ថយការខូចខាតផ្លូវជាតិ ជាដើម។