គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ នឹងបញ្ចប់ការសាងសង់ នៅខែមិថុនានេះ តាមការគ្រោងទុក!


ក្នុងដំណើរចុះពិនិត្យការដ្ឋានសាងសង់ដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះ ត្រូវបានឲ្យដឹងថា គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំនេះ តាមការគ្រោងទុក។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានចុះអនុវត្តដោយ ក្រុមហ៊ុន XWATER Technology Co., Ltd. ហើយដំណើរការសាងសង់ នឹងចំណាយពេល ២២ខែ ដោយចំណាយទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ឯណោះ។

ជាមួយការសាងសង់ ឡើងដោយបច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ គឺជាផ្នែកមួយនៃសមិទ្ធិផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧  អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីផ្សេងទៀត ដែលវិនិយោគដោយរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងឆ្លាតវៃ និងខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគម្រូ ពហុគោលបំណងដ៏សំខាន់ របស់ប្រទេសកម្ពុជា។

គូសសម្គាល់ដែរថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់បាន ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយឡែកស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់បានប្រមាណ ៧ ២០០ម៉ែត្រគូប និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ អាចនឹងមានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណ ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ក្រៅពីនេះ មានស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៧ នៅខេត្តព្រះសីហនុ ក្នុងនោះចំនួន ៤ ត្រូវបានសាងសង់ដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា និង ៣ ទៀតដោយក្រសួងសាធារណការ និងដឹកជញ្ជូន។