ចំនួននៃការធ្វើដំណើរតាមផ្លូវអាកាស របស់កម្ពុជា មានការកើនឡើងប្រមាណ ១០% ក្នុងរវាងចន្លោះពីមួយខែទៅមួយខែ!


បើយោងតាម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ ឲ្យដឹងកាលពីថ្ងៃទី ១៦ ឧសភាកន្លងទៅនេះថា វិស័យអាកាសចរណ៍កម្ពុជា កាន់តែមានសញ្ញាវិជ្ជមាន ជាមួយកំនើនជើងហោះហើរប្រមាណ ១០% ជារៀងរាល់ខែ ខណៈរយៈពេលត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទទួលបាន អ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ១,២លាននាក់។

ដោយឡែក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាទទួលបាន កំណើនជើងហោះហើរប្រមាណ ២០% ប៉ុន្តែពេលព្រឹត្តិការណ៍នេះបញ្ចប់ ការធ្វើដំណើរនឹងត្រលប់ទៅ ប្រក្រតីវិញហើយ។

លោកបន្តថា “យើងមិនអាចរំពឹងថា ភ្ញៀវធ្វើដំណើរនឹងកើនឡើង ឬជន់ជោរដូចទឹកបាក់ទំនប់នោះទេ ព្រោះផលត្រលប់មកវិញ វាចំណាយពេល ៩ខែទៅ១ឆ្នាំឯណោះ អាស្រ័យលើបច្ច័យវិជ្ជមាន ឬអាស្រ័យលើអ្នកកីឡា និងប្រតិភូកីឡា ចាប់អារម្មណ៍បែបណាពីកម្ពុជា។”

បើតាមការព្យាករណ៍របស់ ក្រសួងទេសចរណ៍វិញ កម្ពុជាអាចនឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ  ប្រមាណ៤លាននាក់ នៅឆ្នាំ ២០២៣ នេះ ដោយសារកម្ពុជា បានរៀបចំកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនទៀត៕