រាជរដ្ឋាភិបាលចំណាយប្រមាណ ១១៨ លានដុល្លារ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ដោយទទួលបានភ្ញៀវទេសចរបរទេសជាង ១ ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ!


រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ត្រូវបានបញ្ចាប់ហើយ កាលពីថ្ងៃទី ១៧ ឧសភាថ្មីៗនេះ ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរបស់កម្ពុជា ដោយទទួលបានការកោតសរសើរ ពីសំណាក់អត្តពលិកបរទេស និងភ្ញៀវអន្តរជាតិជាច្រើន។

ក្នុងដំណើរការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ទាំងមូល រាជរដ្ឋាភិបាល បានចំណាយអស់ប្រមាណ ១១៨លានដុល្លារ ដែលរំពឹងត្រឡប់មកវិញ នូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយធម៌ សាមគ្គីភាព ប្រវត្តិសាស្ត្រ នៃប្រជាជាតិដ៏អស្ចារ្យមួយនេះ ផងដែរ។

បើតាម ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង ពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះដែរ អំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិ ប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។

ឯកឧត្ដមបន្ថែមថា បើទោះបីជាជួបការលំបាកជាច្រើន ដែលសេសសល់ពីវិបត្តិជំងឺកូវីដ១៩ នេះ យ៉ាងណាក៏ដោយ តែស្មារតីកសាងមោទនភាពជាតិ បានជម្រុញគណៈកម្មាធិការជាតិ រៀបចំការប្រកួត បានខិតខំប្រឹងប្រែងរួមគ្នា ជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច រៀបចំការប្រកួតស៊ីហ្គេមនេះ បានយ៉ាងរលូន តាមការគ្រោងទុក។

បន្ថែមពីនេះ ឯកឧត្ដមបានបន្តថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោ ជាច្រើនរួមមាន ការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា) ពីព្រះអាទិត្យនៃ កំពូលប្រាសាទអង្គរវត្ត, ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូឡាំពិក) ជាពិសេសការមិនយក ថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពី គណៈប្រតិភូកីឡាជាដើម។

ដោយឡែក សម្តេចតេជោ នាយករដ្ឋមន្ត្រកម្ពុជា បានអះអាងថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណ ១១៨លានដុល្លារ សម្រាប់រៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងបានត្រៀមចំនួន ៧លានដុល្លារ បន្ថែមទៀត សម្រាប់កីឡាករ កីឡាការនី។ សម្តេចបានលើកឡើង បង្ហាញឲ្យដឹងបែបនេះ នៅក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតកសិកម្ម កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ខណៈពេលនោះដែរ សម្តេចតេជោ ក៏បានបន្ថែមឱ្យដឹងថា  កម្ពុជាចំណេញរាប់សិបលានដុល្លារ ពីការលុបចោលនូវការតេស្ត រកមេរោគកូវីដ១៩ ហើយបើការធ្វើតេស្តនេះ នៅបន្តរហូតដល់ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម នោះកម្ពុជានឹងត្រូវ ចំណាយរាប់សែនដុល្លារ ដើម្បីទិញឧបករណ៍តេស្ត សម្រាប់អត្តពលិក និងអ្នកទស្សនានានា ផងដែរ។