គម្រោងព្រែកជីកថ្មី តម្លៃជាង ១,៧ ពាន់លានដុល្លារ តភ្ជាប់ពីទន្លេបាសាក់ ដល់សមុទ្រខេត្តកែប ត្រូវបានអនុម័តជាផ្លូវការ ជាមួយឈ្មោះថា “គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់”


រាជធានីភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងក្តីរីករាយជាខ្លាំង បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត្តឲ្យមានការជីកព្រែក ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប។

ឯកឧត្តម បានធ្វើការថ្លែងឲ្យដឹងផងដែរថា “នេះជាគម្រោងប្រវត្តិសាស្ត្រ តាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធ ដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹកជញ្ជូនទំនិញ ទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោងនេះសំខាន់ណាស់ សំខាន់មែនទែន។ ខ្ញុំសប្បាយចិត្តណាស់ សម្រាប់ការអនុម័ត ជាផ្លូវការមួយនេះ។”

ព័ត៌មានមួយនេះ ក៏ត្រូវបានទទួលការសាទរ ខ្លាំងផងដែរ ពីសំណាក់សាធារណជន នៅក្នុងប្រទេស និងក្រៅប្រទេស។ ពួកគេចាត់ទុកគម្រោងនេះ ជាគម្រោងយក្ស ជាគម្រោងប្រវត្តិសាស្ត្រផ្នែកដឹកជញ្ជូននៅកម្ពុជា។

ទីបំផុតគម្រោងជីកផ្លូវ ទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាល អនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណជា ១ ៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ សម្រាប់បញ្ចប់ជាស្ថាពរ។

គម្រោងព្រែកជីកថ្មីនេះ ត្រូវបានគេឲ្យឈ្មោះជាផ្លូវការថា “គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់”។

គួរឲ្យដឹងផងដែរថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានគោលបំណងពង្រីកនូវវិសាលភាព នៃការប្រើប្រាស់សក្ដានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈាន ទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលបាននិងកំពុងតែជួបប្រទះ នាពេលបច្ចុប្បន្ន៕