ស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ដំបូងគេនៅកម្ពុជា តម្លៃជាង ១ លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ


រាជធានីភ្នំពេញ៖ ទីបំផុត គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសម្ពោធផ្លូវការ កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្ម ដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃ ២៤ ឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារ ដែលជាការចូលរួមពីដៃគូ រួមមាន សហជីពស៉្យាប SIAAP, សមាគមAIMF, ទីភ្នាក់ងារ AESN និងថវិកាបដិភាគ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម អភិបាលក្រុង បាននិយាយបន្តទៀតថា តាមការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគូបក្នុងមួយឆ្នាំប៉ុណ្ណោះ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ ២០៣៥ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដងឯណោះ។

ខណៈនោះដែរ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឱ្យដឹងដែរថា ក្រុមការងារធ្វើការសិក្សា ១០ឆ្នាំហើយ លើការងារប្រព្រឹត្តិកម្មទឹកស្អាត ហើយបានបើកការដ្ឋានស្ថាបនា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់ នៅរាជធានីភ្នំពេញ។

លោកស្រីបានបន្ថែមថា ក្រោយបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ AIMF នឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាឱ្យការងារមួយនេះ ទទួលបានជោគជ័យ សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សំខាន់ចំនួន ៣ រូមមាន៖

- ទី១/ អត្ថប្រយោជន៍ផ្នែកបរិស្ថានតាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ

- ទី២/ អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី

- ទី៣/ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គ ដែលផលិតបាន ទៅក្នងទីផ្សារកសិកម្ម ឬអាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។