រោងចក្រផលិតសំបកកង់រថយន្ត ដំបូងគេនៅខេត្តព្រះសីហនុ តម្លៃខ្ទង់ ៣០០ លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការ


កាលពីថ្ងៃទី ២២ ឧសភាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានអញ្ជើញទៅចូលរួម ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ អមដោយ ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីកាត់ខ្សែបូរ សម្ភោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

គួរឲ្យដឹងដែរថា រោងចក្រផលិតសំបកកង់រថយន្តនេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងជាគម្រោងដែលមាន ទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក លើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។

រោងចក្រថ្មីនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់ បច្ចេកវិទ្យាទំនើបស្របទៅនឹង គោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្ម មានតម្លៃបន្ថែមខ្ពស់ ហើយនឹងអាច ប្រើប្រាស់កម្មករនិយោជិតប្រមាណ ១.១៥០នាក់។ វានឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើម កៅស៊ូធម្មជាតិដែលមាន នៅក្នុងស្រុក ជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារ ជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា ទៀតផង។

ក្នុងឱកាសនោះ សម្តេចតេជោថ្លែងថា ៖ “កម្ពុជា ចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ ស្វាយចន្ទី ជាដើម ដែលបានចូលរួម បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ និងការវិនិយោគនៃ រោងចក្រទាំងនោះ នាំមកនូវបច្ចេកវិទ្យាទំនើបៗ ចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយ ឧស្សាហកម្មរបស់យើង។”

គូសបញ្ជាក់ដែរថា នេះជារោងចក្រផលិតកង់រថយន្តទី២ ដែលបានបើកដំណើរការ បន្ទាប់ពីរោងចក្រផលិតកង់រថយន្តទី១ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ដោយឡែក រោងចក្រផលិតកង់រថយន្តទី៣ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ នៅខេត្តក្រចេះ។