Merdeka 118 Tower ដែលជា អគារខ្ពស់បំផុតទី២ របស់ពិភពលោក ត្រៀមបើកដំណើរការ នាពេលពាក់កណ្តាលឆ្នាំ ២០២៣ នេះហើយ!


ទីក្រុងគូឡាឡាំពួរ៖ បន្ទាប់ពីការរង់ចាំយ៉ាងអន្ទះសា ពីសំណាក់មហាជនជាច្រើន អស់រយៈពេលដ៏យូរមក ពេលនេះ ព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា Merdeka 118 Tower ដែលជាអគារខ្ពស់បំផុត នៅក្នុងប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ របស់ពិភពលោក គ្រោងបើកដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២៣ នេះហើយ។

ក្នុងនោះដែរ ក្រុមហ៊ុនបណ្ដាក់ទុនដ៏ធំដូចជា PNB Merdeka Ventures Sbn. Berhad រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោកYM Tengko Dato’ Abdul Aziz bin Tengku Mahmud ដែលជាអ្នកនៅពីក្រោយគម្រោងអគារដ៏ខ្ពស់ស្កឹមស្កៃ កាលពីពេលថ្មីៗនេះ ក៏បានទៅកាន់ទីស្នាក់ការកណ្ដាល នៃសមាគមអ្នកសាងសង់ម៉ាឡេស៊ី ដើម្បីផ្ដល់បច្ចុប្បន្នភាពព័ត៌មាន អំពីវឌ្ឍនភាព និងផែនការបញ្ចប់ការសាងសង់អគារ Merdeka 118 Tower ផងដែរ។

បន្ថែមពីនេះ ខាងសមាគមអ្នកសាងសង់ម៉ាឡេស៊ី បានលើកឡើងតាមរយ:ការផុស លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុម PND Merdeka Ventures Sdn. Berhad ជាពិសេសលោកនាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ សម្រាប់ការធ្វើបទបង្ហាញយ៉ាងល្អ នូវគម្រោងអគារ Merdeka 118 Tower។”

ដោយឡែក បើយោងតាម សារព័ត៌មាន The Beat Asia បានធ្វើការចុះផ្សាយ កាលពីថ្ងៃ ១៩ ឧសភា កន្លងទៅ បានឱ្យដឹងថា អគារយក្សដែលនឹងក្លាយជា អគារខ្ពស់បំផុតទី២ របស់ពិភពលោកនេះ កំពុងតែពន្លឿនការសាងសង់ ដើម្បីឱ្យបញ្ចប់ជាស្ថាពរ នៅពាក់កណ្ដាលឆ្នាំ ២០២៣។

ក្រោយពេលសាងសង់បញ្ចប់ ជាស្ថាពរ អគារ Merdeka 118 Tower នឹងក្លាយជាអគារខ្ពស់បំផុត នៅក្មុងប្រទេសម៉ាឡេស៊ី ជាមួយនឹងកម្ពស់ ៦៧៨,៩ម៉ែត្រ ផងដែរ។

ព័ត៌មានក៏បានឲ្យដឹងបន្ថែមថា អគារនេះនឹងមាន ការិយាល័យកម្រិត A ហើយ ១៧ជាន់ នៃជាន់កំពូល នឹងកាន់កាប់ដោយ សណ្ឋាគារប្រណីត Park Hyatt Hotel ដំបូងដែលមានតែមួយគត់នៅម៉ាឡេស៊ី៕