ភាគីថៃស្នើឲ្យកម្ពុជា ព្រមបើកព្រំដែនចេញចូល ខាងប្រាសាទព្រះវិហារ ឡើងវិញ ដើម្បីជម្រុញបន្ថែម នូវចរន្តទេសចរណ៍ រវាងប្រទេសទាំងពីរ!


បើយោងតាមការចុះផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) កាលពីថ្ងៃទី ២២ ឧសភា កន្លងទៅបានឲ្យដឹងថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូល ទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែន ក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា ក្រោយពីបានផ្អាកអស់រយៈពេលចូល ១៥ ឆ្នាំ កន្លងមក។

គួររម្លឹកឲ្យដឹងដែរថា ដោយសារតែជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីឆ្នាំ ២០០៨ លើបញ្ហាប្រាសាទព្រះវិហារ បានធ្វើឱ្យកម្ពុជាហាមប្រាម មិនឲ្យមានការចេញ-ចូល មកកាន់ប្រាសាទព្រះវិហារ តាមស្រុក Kantharalak នៃខេត្តស៊ីសាកេតប្រទេសថៃ ទៀតនោះឡើយ ហើយបើគិតតាំង ពីពេលនោះមក ច្រកនេះត្រូវបានបិទអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

ប្រភពពីកាសែតដដែលនេះ ក៏បានលើកឡើងដែរថា ភាគីថៃបានព្យាយាម ចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីបើកដំណើរការវិស័យទេសចរណ៍ រវាងប្រទេសទាំង ២ឡើងវិញ តាមរយៈច្រកដ៏សំខាន់មួយនេះ។ ជាក់ស្តែង អភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើយ៉ាងទទូចឲ្យកម្ពុជា អនុញ្ញាតឲ្យភ្ញៀវទេសចរ ដែលមកពីខាងភាគីថៃ អាចចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារបាន តាមរយៈច្រកនៃខេត្តស៊ីសាកេតនេះ។

តែទោះបីជាយ៉ាងណាក្តី សំណើរនេះត្រូវបាន ច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច លើបញ្ហាមួយនេះ។

គូសសម្គាល់ដែរថា កាលពីឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទាមទារឱ្យភាគីទាំងពីរ ដកកងប្រដាប់អាវុធ ដែលឈរជើងនៅមុខ ប្រាសាទព្រះវិហារនៅខាងកម្ពុជា។ យ៉ាងណាក្តី សេចក្តីសម្រេចរបស់តុលាការនេះ ក៏បានអនុញ្ញាតឱ្យភាគីថៃ និងកម្ពុជា ដាក់ពង្រាយកម្លាំងល្បាត តាមព្រំដែន ផងដែរ។