បើយោងតាមទិន្នន័យស្ថិតិ ពីប្រភពអន្តរជាតិ ស្តីពីប្រភេទសត្វកម្រ និងកំពុងរងគ្រោះប្រឈមនឹងគ្រោះថ្នាក់ ជិតផុតពូជ នៅក្នុងពិភពលោកនោះ មានសត្វ ៤ ប្រភេទ តួយ៉ាងដូចជា សត្វទន្សោង ខ្ទីង ក្តាន់ និងដំរីអាស៊ី គឺជាសត្វកម្រនៅក្នុងចំណោម សត្វកម្រជាច្រើនប្រភេទ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់កម្ពុជា និងជាប្រភេទសត្វកម្រ នៅលើពិភពលោក។
តាមរយៈទំព័រហ្វេសបុក កាលពីថ្ងៃទី ២៦ ឧសភា កន្លងទៅ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានបង្ហាញពីចំនួនសត្វកម្រៗ ៤ប្រភេទ ដែលកំពុងមានវត្តមាន នៅលើពិភពលោក និងនៅកម្ពុជា ដែលរួមមានដូចជា៖
១/ សត្វទន្សោងជាប្រភេទសត្វកម្រ នៅលើពិភពលោក ត្រូវបានគេប៉ាន់ស្មានថា នៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ ក្នុងនោះ កម្ពុជាយើងមានច្រើនជាងគេ ប្រមាណ ១ ៥០០ ក្បាល។
២/ សត្វខ្ទីង នៅលើពិភពលោកត្រូវបាន គេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះសត្វខ្ទីងពេញវ័យ អាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។ កម្ពុជាត្រូវបានសម្គាល់ថា មានវត្តមានសត្វខ្ទីងច្រើន តែមិនមានទិន្នន័យច្បាស់លាស់នៅឡើយ។
៣/ សត្វក្តាន់ ជាប្រភេទសត្វកម្រ ជិតផុតពូជនៅលើពិភពលោក។ កម្ពុជាត្រូវបានដឹងថា មានយ៉ាងហោចណាស់ ៨៤ ក្បាល កំពុងរស់នៅក្នុងតំបន់អភិរក្ស។
៤/សត្វដំរីអាស៊ី៖ នៅកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងភូមិភាពឦសាន និងតំបន់ជួរភ្នំក្រវាញ៕