ភ្នំពេញ៖ ក្នុងឱកាស ពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា កន្លងទៅនេះ បើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានឲ្យដឹងថា រោងចក្រតម្លើងរថយន្តតូយូតារបស់ជប៉ុន នឹងសាងសង់រួចរាល់ ព្រមទាំងគ្រោង ឲ្យដាក់ឱ្យដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅខែកក្កដាខាងមុខ ខណៈរោងចក្ររបស់បារាំង CHANEL ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខផងដែរ។
សម្តេចបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានទាក់ទាញការវិនិយោគធំៗជាច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរទេស ចូលមកបណ្តាក់ទុន ផលិត និងកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស ទៀតផង។
សម្តេចក៏បានបន្ថែមដែរថា៖ “ចាប់ពីខែកក្កដាទៅ រោងចក្រតម្លើងរថយន្តតូយូតា អាចនឹងចាប់ផ្តើមផលិតរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្រុមហ៊ុនផលិត Chanel មកពីប្រទេសបារាំង មកកែច្នៃគ្រឿងអលង្ការ ក្នុងតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនៅក្នុងពេលឆាប់ៗខាងមុខ។”
គួររម្លឹកដែរថា គម្រោងវិនិយោគលើការបង្កើត រោងចក្រតម្លើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ រោងចក្រតម្លើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
គូសសម្គាល់ឲ្យដឹងដែរថា មកទល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនតម្លើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ រួមមាន៖
១/ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd
២/ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd
៣/ ក្រុមហ៊ុន Camko Motor Company Ltd
៤/ ក្រុមហ៊ុន HGB Motors Assembly Co., Ltd
៥/ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd
៦/ ក្រុមហ៊ុន E M Automobile Co., Ltd
៧/ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕