ក្រុមហ៊ុនទេសចរណ៍អនឡាញដ៏ល្បីល្បាញ Trip.com ចាប់ដៃជាមួយ Cambodia Angkor Air ក្នុងដំណើរឆ្ពោះទៅកាន់ ថាមពលឌីជីថល នៃអាកាសយានដ្ឋានថ្មីរបស់កម្ពុជា


ថ្មីៗនេះ ក្រុមហ៊ុនទេសចរណ៍អនឡាញ ដ៏ល្បីល្បាញ កម្រិតអន្តរជាតិ Trip.com Group បានចាប់ដៃជាមួយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដើម្បីគ្រោងកំណត់ទីតាំង អាកាសយានដ្ឋានអន្តរជាតិអង្គរថ្មី ជាអាកាសយានដ្ឋានឆ្លាតវៃក្នុងតំបន់។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Trip.com Group នឹងរួមចំណែកក្នុង ការលើកកម្ពស់សេវាកម្មឌីជីថល នៃព្រលានយន្តហោះថ្មី ដែលគ្រោងនឹងចាប់ផ្តើម ប្រតិបត្តិការនៅខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។

ក្នុងកិច្ចសហការភាពជាដៃគូនេះ ក៏បម្រើដល់ការចាត់តាំង ភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅសកលផងដែរ ព្រោះវាមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ផ្សេងៗ។ បែបនេះ វានឹងពង្រីកដល់យុទ្ធនាការទីផ្សារ ការអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាល ទេពកោសល្យទេសចរណ៍ ទ្វេភាគីរវាងកម្ពុជា និងអ្នកដំណើរនៃប្រទេសដែលគ្រោង នឹងមកកម្ពុជាផងដែរ។

ដោយបង្ហាញពីសារៈសំខាន់ នៃអាកាសយានដ្ឋានអន្តរជាតិអង្គរថ្មី នៅក្នុងយុទ្ធសាស្ត្រទេសចរណ៍ពិភពលោក របស់កម្ពុជា ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air មានប្រសាសន៍ថា កិច្ចសហការជាមួយ Trip.com Group ដើម្បីបង្កើនសេវាកម្ម និងសាងសង់ព្រលានយន្តហោះឆ្លាតវៃ បង្ហាញពីឱកាសដ៏ល្អ សម្រាប់ការរស់ឡើងវិញ នៃទេសចរណ៍ពិភពលោក។

គូសសម្គាល់ដែរថា កម្ពុជាត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់ប្រាក់ចំណូលទេសចរណ៍ចំនួន ៣ ពាន់លានដុល្លារអាមេរិក ដោយសារបញ្ហាជម្ងឺកូវីដ-១៩។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិអង្គរថ្មី របស់កម្ពុជា មានតម្លៃប្រមាណ ៨៨០ លានដុល្លារ ហើយក្រុមហ៊ុន Yunnan Investment Group របស់ប្រទេសចិន ដែលជាក្រុមហ៊ុនមេ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ បានវិនិយោគលើគម្រោង ព្រលានយន្តហោះថ្មីដែលមានតម្លៃ ៨៨០ លានដុល្លារ។

គណៈកម្មាធិការដឹកនាំគម្រោង សម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច បានប្រកាសកាលពីខែមីនាថា អាកាសយានដ្ឋានថ្មីនេះ នឹងរួចរាល់ទាន់ពេលវេលា សម្រាប់ការដាក់ឱ្យដំណើរការ ជាផ្លូវការ នៅខែតុលាខាងមុខនេះ។

នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋានដែលនឹងអាច គ្រប់គ្រងយន្តហោះផ្លូវឆ្ងាយ ហើយមានសមត្ថភាពអាច ទទួលអ្នកដំណើរប្រហែល ប្រាំពីរលាននាក់ក្នុងមួយឆ្នាំដំបូង បន្ទាប់មក ១០ លាននាក់នៅឆ្នាំ ២០៣០ និង ២០ លាននាក់នៅឆ្នាំ ២០៥០។

គួរឲ្យដឹងដែរថា ប្រទេសចិនគឺជាប្រភពដ៏សំខាន់ នៃលំហូរទេសចរណ៍ចូល សម្រាប់ប្រទេសកម្ពុជា ដោយភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៣៦% នៃភ្ញៀវទេសចរបរទេសចំនួន ៦,៦ លាននាក់ ដែលបានចូលមកក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៩។

ក្នុងនោះដែរ កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ “China Ready” នៅឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឲ្យបានច្រើនជាងមុនផងដែរ។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ 2023 Ctrip ដែលជា Sub-brand របស់ Trip.com Group បានរាយការណ៍ថាចំនួន អ្នកប្រើប្រាស់របស់ខ្លួន ដែលមកពីប្រទេសចិនដីគោក បានស្វែងរកផលិតផល ទេសចរណ៍របស់កម្ពុជា បានកើនឡើងជាង ២៣៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គួររម្លឹកដែរថា យោងតាមក្រសួងទេសចរណ៍ កាលពីឆ្នាំ ២០២២ កម្ពុជាទទួលបាន ភ្ញៀវទេសចរបរទេសចំនួន ២,២៨ លាននាក់ និងគ្រោងទាក់ទាញបន្ថែមឲ្យបាន កាន់តែច្រើន នៅក្នុងឆ្នាំ ២០២៣ នេះ។