ខណៈកាលពីឆ្នាំមុន សម្រេចបានជាង ៩៧៧ លានដុល្លារ កម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានកាន់តែធំ នៅក្នុងឆ្នាំ ២០២៣ នេះ!


ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ឧសភាកន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានធ្វើការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្ម របស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចក្រភពអង់គ្លេស នៅកម្ពុជា សរុបប្រមាណ ៤០ រូប ផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ  ត្រូវបានធ្វើឡើងក្នុងគោលបំណង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈ ការជម្រុញការនាំចេញ ផលិតផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូល ការវិនិយោគអង់គ្លេស មកកាន់កម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យ កាន់តែប្រសើរឡើង នូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជម្រុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

គួររម្លឹកផងដែរថា នេះជាវេទិកាលើកទី១ ហើយ ដែលបានដាក់ចេញនូវ របៀបវារៈសំខាន់ៗដូចជា៖

១/ បទបង្ហាញស្ដីពីបច្ចុប្បន្នភាព នៃគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលទាំងពីរ

២/ កិច្ចពិភាក្សាគោលនយោបាយ ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យ កំណើនបៃតងប្រកបដោយភាពធន់។

បន្ថែមពីនេះ ក៏មានការរៀបចំនូវ ជំនួបពិភាក្សាអំពី គោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួង របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្ម អង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែក អំពីបច្ចុបុ្បន្នភាពនៃ ការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាព ក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស ក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧,៤៣ លានដុល្លារ ជាមួយនឹងកំណើន ២៤,៤២% បើធៀបនឹងឆ្នាំ ២០២១។