រោងចក្រថ្មីចំនួន ៣ ទើបត្រូវបានអនុម័តដោយ CDC តម្លៃសរុបជាង ១៥ លានដុល្លារ ផ្តល់ឱកាសការងារជាង ៣ ពាន់កន្លែង គ្រោងបង្ហាញវត្តមាននៅ រាជធានីភ្នំពេញ កណ្តាល និងកំពង់ស្ពឺ!


បើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃ ២៩ ឧសភា កន្លងទៅបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៥,៤លានដុល្លារ នៅរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ស្ពឺ។

រោងចក្រថ្មីទាំង ៣ នោះមានដូចជា៖

១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។

២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។

៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។

យោងតាមការបញ្ជាក់របស់ CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថា អាចនឹងអាចបង្កើតឱកាស ការងារថ្មីចំនួន ៣.២៣៥កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជម្រុញ ឱ្យមានការកើនឡើងនៃ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិផងដែរ។