ខេត្តត្បូងឃ្មុំ សម្រេចនឹងធ្វើឲ្យ តំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ប្រែក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម!


ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានសម្រេចផ្តួចផ្តើម និងបានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតតំបន់រមណីយដ្ឋាន ហ្លួងព្រះស្តេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងធម្មជាតិ នៅតាមទីតាំងកសិណទឹក ដែលមានទេសភាពធម្មជាតិ ដ៏អស្ចារ្យ យ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញប្រជាពលរដ្ឋ មកលេងកម្សាន្ត ឱ្យបានច្រើនកុះករ ក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

បើយោងតាម មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក អឿន រិទ្ធ បានគូសបញ្ជាក់ថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះសេ្តចកន ស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

គួរឲ្យដឹងថា រមណីយដ្ឋាននេះគឺជា អតីតរាជធានីនៃអំឡុងពេលមុនអង្គរ។ ទីនេះ ត្រូវបានគេជ្រើសរើស ជារាជធានីឡើងវិញ នៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាលនៃ ហ្លួងព្រះសេ្តចកន។ បន្ទាប់មកវាត្រូវបាន គេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមក ក្នុងរយៈពេលខ្លី គេក៏ទម្លាប់ហៅទីនេះថាជា “បន្ទាយព្រៃនគរ” រហូតដល់សព្វថ្ងៃនេះ។

គូសសម្គាល់ដែរថា រមណីយដ្ឋានហ្លួងព្រះសេ្តចកន មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២ ៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ កាលពីនៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារ វត្តអារាមមួយ ក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅ សាងព្រះពុទ្ធរូបមួយអង្គ មានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់ តម្កល់ក្នុងព្រះប្រាសាទនោះ។

ថ្មីៗនេះ មន្ទីរព័ត៌មានខេត្ត ក៏បានធ្វើការអំពាវនាវដល់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ក៏ដូចទូទាំងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនៅ តំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ឱ្យបានច្រើនកុះករផងដែរ ជាពិសេសក្នុងអំឡុងពេលភ្ជុំខាងមុខនេះ ដើម្បីលើកស្ទួយរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ របស់ខេត្តមួយនេះ ឲ្យកាន់តែមានភាពល្បីល្បាញ និងមានសន្ទុះគាំទ្រកើនឡើង។