ព្រឹត្តិការណ៍ សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងម្ដងទៀតនៅថ្ងៃទី ២១-២៣ ខែកញ្ញា


ស្ថាបត្យកម្មដ៏ល្អឯក របស់ប្រាសាទអង្គរវត្ត បានកសាងឡើងស្របទៅនឹង គន្លងដំណើរនៃព្រះអាទិត្យ ដោយព្រឹត្តិការណ៍ថ្ងៃរះ ចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេហៅថា «សមរាត្រី» ឬភាសាអង់គ្លេស Equinox កើតឡើង ២ ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅអំឡុងខែមីនា (Vernal Equinox) និងលើកទី២ នៅអំឡុងខែកញ្ញា (Autumnal Equinox)។

បើតាមក្រសួងទេសចរណ៍ បានអោយដឹងថាព្រឹត្តិការណ៍ «សមរាត្រី» មានន័យសាមញ្ញាថា រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ សមរាត្រី លើកទី២ នេះ នឹងកើតឡើងនៅ ចន្លោះពីថ្ងៃទី២១-២៣ ខែកញ្ញា ខាងមុខ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកទស្សនាបាន ជាពិសេសសម្រាប់ អ្នកស្រលាញ់ការថតរូប អាចផ្ដិតយករូបភាពព្រឹត្តិការណ៍ ដ៏កម្រនេះកុំបីខាន ព្រោះកើតឡើងតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ បានមានប្រសាសន៍ថា ស្ថាបត្យករនៃអារិយធម៌អង្គរបុរាណ បានរចនាទីតាំងនៃប្រាសាទ ដើម្បីអោយតម្រង់ស្របជាមួយនឹង ទិសដៅរបស់ព្រះអាទិត្យ ដើម្បីបង្កើតបានជាព្រឹត្តិការណ៍ ឬបាតុភូតពិសេសនេះឡើង តាមរយៈការសិក្សាអំពី ស្ថាបត្យកម្ម តារាសាស្ត្រ និងបច្ចេកទេសធរណីមាត្រ។