កម្ពុជា នាំចូលប្រេងឥន្ធនៈ ២,២៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ


របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈសរុប ជាទឹកប្រាក់ ២,២៨ ពាន់លានដុល្លារ ដែលបានថយចុះ ប្រមាណ ៩,៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលធ្លាប់បាននាំចូលជាង ២,៥២ ពាន់លានដុល្លារ។

ទោះបីជាតម្លៃប្រេងឥន្ធនៈ មានការឡើងថ្លៃ ស្របទៅតាមទីផ្សារអន្តរជាតិ និងទីផ្សារនាំចូល ប៉ុន្តែតម្រូវការថាមពលនៅកម្ពុជា នៅតែរក្សាអត្រាខ្ពស់ដដែល ដោយមានការថយចុះ បន្ដិចបន្ដួចប្រមាណ ៩,៥% ធៀបទៅនឹងឆ្នាំមុន។ ប្រេងឥន្ធនៈដើរតួនាទី យ៉ាងសំខាន់ ក្នុងតម្រូវការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូន ទន្ទឹមនឹងការប្រើប្រាស់ យានយន្ដអគ្គិសនី កំពុងទើបចាប់ផ្ដើម មានប្រជាប្រិយនៅកម្ពុជា។ យោងតាមក្រសួងធនធានរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាអាចនឹងមានតម្រូវការ ប្រេងឥន្ធនៈដល់ ៤,៨ លានតោន នៅត្រឹមឆ្នាំ២០៣០ និងឡើងដល់ ៨,៣ លានតោន ត្រឹមឆ្នាំ២០៤០ បើធៀបទៅនឹងឆ្នាំ២០២០ យើងមានតម្រូវការត្រឹមតែ ២,៨ លានតោនប៉ុណ្ណោះ។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសនាំចូលប្រេងឥន្ធនៈ ១០០% ពីបរទេស ដូចនេះតម្លៃប្រេងឥន្ធនៈ ស្របទៅតាមហាងឆេងទីផ្សារអន្តរជាតិ។ ប្រទេសដែលនាំចូល ប្រេងឥន្ធនៈធំៗមកកាន់កម្ពុជា រួមមានដូចជា៖ ប្រទេសថៃ វៀតណាម និងសិង្ហបុរី ក្នុងនោះដែរ ក្រុមហ៊ុនក្នុងស្រុកធំៗ ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនតេឡា សូគីម៉ិច PAPA Savimex និង Lim Long ជាដើម។ ចំណែកក្រុមហ៊ុនអន្តរជាតិ ដែលទទួលសិទ្ធចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន Total Energy, Caltex, និង PTT ជាដើម។