ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់ ក្រុមអ្នកជំនាញរបស់ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្កាន់ដៃនាគ ប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូង របស់ប្រាសាទអង្គរវត្តថែមទៀត។
ក្នុងនោះដែរ លោក ស៊យ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារគាត់ សម្រេចបានការងារជួសជុល ពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះ ដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូល តាមមុខតំណរថ្ម ដែលជាហេតុធ្វើឱ្យ គ្រឹះចុះខ្សោយបន្តទៀត។
លើសពីនេះ លោក សុភារិន ឱ្យដឹងទៀតថា ក្រោយពីជួសជុល ពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំ ដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែកនៅក្នុងការងារនេះ ក៏ត្រូវរើបង្កាន់ដៃនាគ ប្រវែង១៥ម៉ែត្របន្ថែមទៀត ផងដែរ។