កំពង់ផែកោះកុង ចាប់ផ្តើមបើកដំណើរការសាកល្បងហើយ


ខេត្តកោះកុង៖ កាលពីថ្ងៃទី ២៥ កញ្ញាកន្លងទៅថ្មីៗនេះ លោកជំទាវ អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានអញ្ជើញកាត់ខ្សែបូ ដាក់ឱ្យដំណើរការសាកល្បងនូវ “កំពង់ផែកោះកុង” ឬពាក្យបច្ចេកទេសបរទេសហៅថា កោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ការដាក់ឱ្យសាកល្បងកំពង់ផែកោះកុងនេះ ក៏បានទទួលស្វាគមន៍នាវាទី១ ចូលមកកាន់កំពង់ផែនេះ ដោយមានការចូលរួមដោយ លោក កាវ លាំង (Kao Liang) តំណាងក្រុមហ៊ុនកោះកុង ផតមេនេចម៉ិន ឯ.ក ក៏ដូចជា ឧត្តមសេនីយ៍ទោ អាន ស្រៀង នាយកដ្ឋាននគរបាលព្រំដែនទឹក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការចូលរួមពីមន្ទីរ ស្ថាប័នជំនាញផ្សេងៗទៀតផងដែរ។

ក្នុងនោះដែរ លោកកាវ លាំង តំណាងក្រុមហ៊ុន បានលើកឡើងថា កំពង់ផែកោះកុង របស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើ វិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ និងមានការសហការដ៏រឹងមាំ រវាងប្រទេសទាំងពីរទៀងផង។

ដោយឡែក លោកជំទាវ អភិបាលរងខេត្ត ក៏បានថ្លែងថា កំពង់ផែកោះកុងផតមេនេចម៉ិន ឯ.ក នេះ នឹងមានការតភ្ជាប់ជាមួយ ផ្លូវជាតិលេខ៤៨ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់ចាំបាច់ តភ្ជាប់ពីក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ (កំពុងដំណើរការជួសជុលកែលម្អ លើកកម្ពស់គុណភាព) ផងដែរ។