ជំនួយប្រមាណ ៤៣០ លានដុល្លារ របស់ជប៉ុននឹងផ្តល់ឲ្យកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែព្រះសីហនុ ឲ្យក្លាយជា កំពង់ផែធំជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅត្រឹមឆ្នាំ ២០២៨


រាជធានីភ្នំពេញ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានប្រកាសពី ការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ត្រឹមឆ្នាំ២០២៨។

ជាក់ស្តែង ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់ កម្ពុជាបន្តទៀត តាមរយៈគម្រោង ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាព កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះ នឹងផ្ដោតទៅលើការអភិវឌ្ឍ ចំណតកំពង់ផែឱ្យមាន ជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវា ផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹង បញ្ចប់ត្រឹមឆ្នាំ ២០២៦។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយ កំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ ២០២៨។

គួរបញ្ជាក់ដែរថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្ដានុពលរបស់កម្ពុជា។ រម្លឹកដែរថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ កម្ពុជានិងជប៉ុន បានចុះហត្ថលេខាជាផ្លូវការ លើកម្ចីចំនួន ៣១០លានដុល្លារអាមេរិក រួចមកហើយ សម្រាប់ការពង្រីក កំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី១។