រាជធានីភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រដ្ឋាភិបាលថៃ កំពុងជួយពន្លឿន ការបង្កើតអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា ដើម្បីជួយសម្រួលឱ្យ ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃ។
ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចផ្លូវការរដ្ឋ របស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ មកកម្ពុជា កាលពីថ្ងៃទី ២៨ កញ្ញានេះ និងជំនួបរវាង ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឲ្យដឹងបន្ថែមដែរថា ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរ បានជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការ សកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀត នូវលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។
ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ សេដ្ឋ ថាវីស៊ីន ក៏បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ ផងដែរ។