កម្ពុជា-ថៃ គ្រោងនឹងសហការរួមគ្នា ក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥


រាជធានីភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរដ្ឋ របស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា កាលពីថ្ងៃទី ២៨ កញ្ញាកន្លងទៅ បានបង្ហាញពីជំហររបស់ថៃ ក្នុងការសហការរួមគ្នាជាមួយកម្ពុជា ធ្វើយ៉ាងណា ជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើន ដល់ទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិក (៥៥០ពាន់លានបាត) ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥ ខាងមុខ។

ជាក់ស្តែង ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការបង្កើន ទំហំពាណិជ្ជកម្មទ្វេរភាគី ឲ្យដល់១៥ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំខាងមុខ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវប៉ុស្តិ៍ត្រួតពិនិត្យ នៅតាមច្រកព្រំដែន និងការតភ្ជាប់ផ្លូវដែក សម្រាប់រថភ្លើងដឹកទំនិញជាដើម។

គួររម្លឹកដែរថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់ ៤,៦៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានកើនឡើង ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០១៥ មក។

ដោយឡែក យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ (កម្ពុជា-ថៃ) បានជួបប្រជុំទ្វេភាគី ក្នុងគោលបំណងពង្រឹងទិសដៅ សកម្មភាពឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្នុងនោះដែរ ក្រសួងការបរទេស របស់កម្ពុជាអះអាងថា “ដំណើរទស្សនកិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវ ចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគីរវាងប្រជាជាតិទាំងពីរ”។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការប្រគល់ និងទទួលនូវ “មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅ ក្រុងប៉ោយប៉ែត និងជាគំនិតផ្តួចផ្តើមនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី។