បបែលយក្សទឹកសាប ទម្ងន់ខ្ទង់ ៣០០ គីឡូក្រាម ដែលបានរកឃើញនៅខេត្តស្ទឹងត្រែង របស់កម្ពុជា បានបំបែកកំណត់ត្រា អច្ឆរិយៈពិភពលោក ជាត្រីទឹកសាបដ៏ធំបំផុត!


រាជធានីភ្នំពេញ៖ បើយោងតាម ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់យើង បានកឹបស្លាក និងដោះលែង ទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុត នៅលើពិភពលោក។

គួរបញ្ជាក់ផងដែរថា ត្រីបបែលយក្សទឹកសាបមួយនេះ ត្រូវបានរកឃើញ កាលពីឆ្នាំមុន នៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយពីបានចាប់វាបានហើយ ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានព្រលែងវា ចូលទៅក្នុងទន្លេមេគង្គវិញ។

បន្ថែមពីនេះ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ បានឱ្យដឹងថា ៖«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មាន ដែលមិនអាចកាត់ថ្លៃបាន ពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើង ការពារប្រភេទសត្វ ជិតផុតពូជនេះផងដែរ»។