ជនបរទេស ត្រូវបានផ្តល់សិទ្ធិស្របច្បាប់ ក្នុងការជួលអចលទ្រព្យនៅកម្ពុជា រហូតដល់រយៈពេល ៥០ ឆ្នាំឯណោះ!


ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣ ក្នុងវេទិកា «រាជរដ្ឋាភិបាល - ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាព កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ជនបរទេសមានសិទ្ធិស្របច្បាប់ នៅក្នុងការជួលអចលនទ្រព្យ នៅកម្ពុជា រយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះ មិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។

សម្តេចបានបញ្ចាក់យ៉ាងដូច្នេះថា៖ “ទោះបីជាជនបរទេស មិនមានសិទ្ធិក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដី ជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យា ជួលអចលនទ្រព្យទាំងនោះ រយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ។”

បន្ថែមពីនេះដែរ ជនបរទេស អាចក៏ទទួលបានសិទ្ធិ ក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ ប៉ុន្តែសាធារណជន នៅមិនទាន់បានជ្រាបច្បាស់ អំពីយន្តការនេះនៅឡើយនោះទេ។

សម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវ ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ។”