ក្នុងរយៈពេល១០ខែនៃឆ្នាំនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសសមាជិក RCEP មានតម្លៃដល់ ៦,៤៥ ពាន់លានដុល្លារ កើនឡើង ២៦,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន


ភ្នំពេញ៖ បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃ ៥ធ្នូកន្លទៅនេះថា ប្រទេសកម្ពុជាបាននាំចេញ ផលិតផលមានតម្លៃ ៦,៤៥ ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកនៃ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៣ កើនឡើង ២៦,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ដូចគ្នានេះដែរ របាយការណ៍ដដែលបានបន្តថា ក្នុងអំឡុងខែមករាដល់ខែតុលាឆ្នាំនេះ គោលដៅនាំចេញកំពូលទាំងប្រាំ របស់ប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតំបន់ដ៏ធំនេះ រួមមានប្រទេសវៀតណាម ចិន ជប៉ុន ថៃ និងសិង្ហបុរី។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលចូលជាធរមានក្នុងឆ្នាំ ២០២២ គឺជាកត្តាជំរុញកំណើន ការនាំចេញរយៈពេលវែងរបស់ប្រទេសកម្ពុជា។

លោកបានប្រាប់ឲ្យដឹងថា “ជាមួយនឹងសម្បទានពន្ធគយ ដែលផ្តល់ឲ្យក្រោមកិច្ចព្រមព្រៀង RCEP ការនាំចេញរបស់កម្ពុជា ទៅកាន់សមាជិក RCEP ផ្សេងទៀតនឹងបន្ត កើនឡើងក្នុងឆ្នាំនេះ និងឆ្នាំក្រោយយ៉ាងពិតប្រាកដ”។

លើសពីនេះ លោក ប៉ែន សុវិជាតិ ក៏បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីផ្សេងទៀត និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន នឹងជួយកម្ពុជាសម្រេចបាននូវគោលដៅ ប្រកបដោយមហិច្ឆិតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

គូសសម្គាល់ផងដែរថា កិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ ដែលក្នុងនោះរួមមាន ប្រទេសសមាជិកអាស៊ានចំនួន ១០ មានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាដើម។