តំបន់អភិវឌ្ឍរុនតាឯក ត្រូវបានប្រកាសជាទីក្រុងថ្មី និងជាទីក្រុងគម្រូមួយផងដែរ ក្នុងខេត្តសៀមរាប!


ខេត្តសៀមរាប៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស “តំបន់រុនតាឯក” ជាទីក្រុងថ្មី និងជាទីក្រុងគំរូមួយ នៅខេត្តសៀមរាប។

ក្នុងនោះដែរ សម្តេចធិបតីបានលើកឡើងថា កាលពីមុន សម្តេចតេជោធ្លាប់បានប្រកាស យកតំបន់រុនតាឯកជាទីក្រុង អញ្ចឹងធ្វើតែម្តងទៅ ព្រោះតំបន់នេះមាន សុទ្ឋតែថ្នល់កៅស៊ូ មានទឹកស្អាត ភ្លើង មានប្រជាពលរដ្ឋ និងបន្តិចទៀតមានប្រជាពលរដ្ឋ មករស់នៅជាង ៦០០០ គ្រួសារហើយ។

សម្តេចបន្តថា “អញ្ចឹងក្រសួងមហាផ្ទៃរៀបចំ និងអាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំបំពេញលក្ខខ័ណ្ឌ អញ្ចឹងកុំថាខេត្តសៀមរាបមានក្រុងច្រើន ខេត្តកណ្តាលក៏មានក្រុងចំនួន៣ ខេត្តកំពង់ស្ពឺមានក្រុង២”។ សម្តេចបន្តទៀតថា “ស្អាតប៉ុណ្ណឹងដែរ បងប្អូនប្រជាពលរដ្ឋមានអីទៀត”។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានរំលឹកដែរថា “ខ្ញុំឃើញប្លង់ដំបូង ខ្ញុំមានការភ្ញាក់ផ្អើល ព្រោះប្លង់បែបនេះបើនៅស្រុកគេ គឺលំដាប់ Resor tផ្កាយ៥ អញ្ចឹងរៀបចំនៅទីនេះ ឲ្យបានស្អាត និងជាទីក្រុងគំរូតែម្តង! ឥលូវមានដី មានដើមឈើ និងបន្តិចទៀតមានផ្ទះបណ្តើរៗ ដែលផ្ទះនឹងរីកបន្តិចម្តងៗ។ ជាទីក្រុងកើតក្រោយគេ នៅខេត្តសៀមរាប តែហេដ្ឋារចនាសម្ព័ន្ឋមិនចាញ់គេនោះទេ”។