វិស័យសំណង់នៅកម្ពុជា ហាក់ងើបឡើងវិញ ជាមួយទុនវិនិយោគក៏មានចំនួនកើនឡើង ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៣ នេះ!


ភ្នំពេញ៖ បើយោងតាម របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងបានផ្តល់ លិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក។

ជាក់ស្តែង ក្នុងគម្រោងដែលត្រូវបាន អនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារ មានចំនួន១៨ គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

បើតាមការលើកឡើងបន្ថែមរបស់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជម្រុញ ព្រមទាំងរកដំណោះស្រាយចំពោះ សំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់ កន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកល ធ្លាក់ចុះ។