កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសម្ពោធដាក់ដំណើរការ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១២ធ្នូ ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥


កំពត៖ កាលពីថ្ងៃទី ១២ធ្នូឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ខេត្តកំពតបានរៀបចំដាក់សម្ពោធ ជាបណ្តោះអាសន្ននូវ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្រោមសហអធិបតីដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពី លោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តកំពត តំណាងក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបផងដែរ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងត្រូវបានបើកដំណើរការ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

គូសបញ្ជាក់ផងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងនៅ ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរ មកពីប្រទេស ថៃ និងប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។

កំពង់ផែទេសចរណ៍អន្តរជាតិ មួយនេះ មានបណ្តោយ ៣០០ម៉ែត្រ និងមានសមត្ថភាព អាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី ៣០០-៤០០ នាក់។ កំពង់ផែនេះក៏ផ្នែកមួយ ក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន