កម្ពុជា សម្រេចបញ្ចេញថវិការដ្ឋ ១៥០លានដុល្លារ ជម្រុញដល់វិស័យកសិកម្ម ទប់ស្កាត់ការធ្លាក់ចុះតម្លៃកសិផលស្រូវ ខណៈការនាំចេញកំពុងមានការកើនឡើង!


ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីតួលេខ បញ្ជាក់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការជួយរកទីផ្សារជូនកសិករ។

សម្តេចធិបតី បានបញ្ជាក់តាមរយៈ ការប្រៀបធៀប ការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៤ និងប្រទេស ដែលបាននាំចូលកសិផលរបស់កម្ពុជា។

ក្នុងនោះគឺ នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញ កសិផលសរុបចំនួន ៨,៦លានតោន ទៅកាន់ប្រទេសចំនួន ៧៤ ក្នុងនោះមានស្រូវចំនួន ៣,៥លានតោន។ ចំណែកឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលចំនួន ១១លានតោន ទៅកាន់ប្រទេសចំនួន ៩៤ ប្រទេស ក្នុងនោះមានស្រូវ ៥លានតោន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ កម្ពុជាបានពង្រីកទីផ្សារនាំចេញបានចំនួន ២០ប្រទេស ហើយកំណើនក៏ហក់ឡើងខ្ពស់ផងដែរ។

បន្ថែមពីនេះដែរ សម្តេចធិបតី ក៏បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើង កញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវ ពីប្រជាកសិករ។

ទន្ទឹមគ្នានេះ សម្តេច បានគូសបញ្ជាក់ថា បើសិនជាអត់មានលុយ ១៥០លានដុល្លារ សម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ គឺម៉ាស៊ីនកិនស្រូវ ទៅខ្ចីលុយធនាគារអត់បានទេ ដែលមានន័យថា រាជរដ្ឋាភិបាល ចេញមុខទៅជួយផ្ដល់ឥណទាន។

សម្តេចធិបតី បានលើកឡើងថា ការសម្រេចដំឡើងកញ្ចប់ថវិកា រហូតដល់១៥០លានដុល្លារនេះ គឺជាវិធានការជាក់ស្ដែង ដែលរាជរដ្ឋាភិបាលបានធ្វើ ហើយនឹងកំពុងធ្វើ ហើយនឹងធ្វើបន្ដទៀត ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។

ប្រភព៖ ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី