គិតត្រឹមថ្ងៃទី ២០មករានេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គ.ម សម្រេចបាន ៩៦,១៦% ខណៈស្ពានខ្ពស់ជាងគេ ប្រវែង៥៣០ម៉ែត្រ សម្រេចបាន ៩៣%


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិការអនុវត្តគម្រោងសម្រេចបាន លទ្ធផលជារួម ៩៦,១៦% ហើយ។

ក្នុងវឌ្ឍនភាពសម្រេចបាននេះរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន ៩៣% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ), ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ។

គួរឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ។ បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ៖ ពីPK0(សំឡូត)-PK60(ក្រពើពីរ)កៅស៊ូDBST, ពីPK 60-PK 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះ បាញ់កៅស៊ូ,ពីPK 85-PK112(អូរសោម)កៅស៊ូ DBST,ពីPK 112 -PK 175 កំពុងបាញ់កៅស៊ូ DBST( សូមបញ្ជាក់ផងដែរ ពីPK 122 ដល់PK129 ប្រើប្រាស់ផ្លូវចាស់ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពស់) និងពីPK 175-PK 198 (កោះកុង)កៅស៊ូDBST។

គូសបញ្ជាក់ឲ្យដឹងផងថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ ដោយបានចាប់ផ្ដើម សាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន