សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន តាមរយៈអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២១មករានេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាល នៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើនហើយ។
ជាក់ស្តែង ប្រធានគ្រប់គ្រងការដ្ឋាន ជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត លោក ឃាម មុនី បានឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុល ម្តងមកហើយ រហូតមកដល់បច្ចុប្បន្ន បានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាល មួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុល នៅសម័យមុនអស់គុណភាព។
ការព្យាយាមជួសជុល ដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញ ជើងទម្របង្កាន់ដៃមួយចំនួន ដែលចល័តទៅទីកន្លែងផ្សេង និងបានយកមក ដាក់នៅទីតាំងដើមវិញ។
អ្នកគ្រប់គ្រងការដ្ឋានរូបនេះ បានឱ្យដឹងបន្ថែមទៀតថា ក្រុមការងារត្រូវរុះរើ ផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។
បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាម សិក្សាស្វែងយល់នូវ រចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួន ត្រូវជួសជុលឱ្យបានត្រឹមត្រូវ ទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បាន ជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម។
ប្រភព៖ អាជ្ញាធរជាតិអប្សរា