គ្រាប់ស្វាយចន្ទីកែច្នៃ ប្រមាណ ១៤តោន សម្រេចការនាំចេញទៅកាន់ ទីផ្សារប្រទេសអ៊ីតាលី ជាលើកដំបូង ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ពីសហភាពអឺរ៉ុប ចំពោះដំណាំស្វាយចន្ទីកម្ពុជា


គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០% ពីក្រុមហ៊ុនអ៊ែមភល​ (Ample Agro Product) តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុន ដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង ដោយជោគជ័យ កាលពីថ្ងៃទី ៤កញ្ញាឆ្នាំ២០២៥ ថ្មីៗនេះ។

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី ត្រូវបានក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថាជាជំហានដ៏សំខាន់ សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ ការនាំចេញផលិតផលកែច្នៃ។

ដូចគ្នានេះដែរ ការចូលទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់ ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់ កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើន សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានស្វាគមន៍ចំពោះជំហានដ៏ជោគជ័យនេះ ដោយបានលើកឡើងថា ការនាំគ្រាប់ស្វាយចន្ទី ទៅអ៊ីតាលីនេះ ជាការបើកទ្វារចូលទៅកាន់ ឱកាសសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា។ កម្មវិធី “Team Europe” ក្រោម EU និងអាល្លឺម៉ង់ បានសន្យាថា នឹងបន្តគាំទ្រអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា និងពង្រីកទីផ្សារផលិតផលកសិផល មួយនេះឲ្យកាន់តែទូលំទូលាយ។

គួររម្លឹកផងថា កម្ពុជាបានដាក់ចេញ "គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧" កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះ នឹងក្លាយជាកម្លាំងចលករ ដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹង ផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជម្រុញឱ្យកម្ពុជា ឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ