កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤៩១ ក្នុងរយៈពេលគិតចាប់ពី ខែមករាដល់ខែសីហាឆ្នាំ២០២៥ នេះ ពោលគឺកើនឡើងពីចំនួន ៤១៤ គម្រោង ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
គម្រោងវិនិយោគថ្មីទាំង ៤៩១គម្រោង បានចុះបញ្ជីសរុបក្នុងតម្លៃចំនួន ៧,២ពាន់លានដុល្លារ កើនឡើង ៥០% ព្រមទាំងសន្និដ្ឋានថាអាច បង្កើតការងារថ្មីជូនប្រជាពលរដ្ឋខ្ទង់ ៣៤០ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគថ្មីខាងលើ វិស័យផលិតកម្ម ទទួលបានទុនវិនិយោគចំនួន ៥ពាន់លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធចំនួន ១,៨ពាន់លានដុល្លារ ខណៈវិស័យកសិឧស្សាហកម្មទទួលបាន ៣៧០លានដុល្លារ និងវិស័យទេសចរណ៍ ១៧៥លានដុល្លារ។
ប្រភពវិនិយោគពីប្រទេសចិនមាន ៥២,៨២% នៃការវិនិយោគសរុប បន្ទាប់មកអ្នកវិនិយោគក្នុងស្រុកមាន ៣១,២៦%។ ក្រៅពីនេះមាន អ្នកវិនិយោគផ្សេងទៀត មកពីប្រទេសសិង្ហបុរី វៀតណាម British Virgin ចក្រភពអង់គ្លេស Cayman Bermuda សហរដ្ឋអាមេរិក និងសាម័រ។
ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគយ៉ាងច្រើន ដោយមាន ១១៧ និង ១១៣ រៀងគ្នា ហើយគម្រោងវិនិយោគសរុបជាង ១៩១ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ប្រភព៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយថ្ងៃទី ៣កញ្ញាឆ្នាំ២០២៥