ផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងផ្លូវ ៣៦៦គីឡូម៉ែត្រ លាតសន្ធឹង ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។

សព្វថ្ងៃ ផ្លូវជាតិលេខ៥ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍ យ៉ាងធំធេង សម្រាប់បង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយ សក្តានុពលខ្ពស់សម្រាប់ បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។

លើសពីនេះផងដែរ ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះ ក៏មានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើន នៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។
ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន