ភ្នំពេញ៖ រោងចក្រផលិតមីធំមួយ ត្រូវបានបើកសម្ភោធជាផ្លូវការ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ តម្លើងគ្រឿងបរិក្ខារបច្ចេកទេសរួចរាល់ ស្ថិតក្រោមការចូលរួម ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួម កាត់ខ្សែបូ ដាក់សម្ភោធឲ្យដំណើរការនូវរោងចក្រផលិតមី ដ៏ធំមួយ មានឈ្មោះហៅថា “មីជាតិ” កាលពីពេលថ្មីៗកន្លងទៅនេះ។
រោងចក្រផលិតមី ដែលហៅជាផ្លូវការថា “មីជាតិ” នេះ គឺជាការផលិតមី ដោយប្រើប្រាស់បច្ចេកវិទ្យាប្រទេសជប៉ុន សុតសាទ ទំនើប និងមានភាពវៃឆ្លាត ក្រោមស្នាដៃផលិតរបស់កូនខ្មែរ ដែលវិនិយោគដោយក្រុមហ៊ុន One More Manufacturing Co., Ltd។ រោងចក្រផលិតមីជាតិនេះ មានទីតាំងស្ថិតនៅមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលផលិតមីសរុបទាំងអស់ មាន ៣ រសជាតិ សម្រាប់ជ្រើសរើសរួមមានដូចជា រសជាតិសាច់ជ្រូក ចិញ្ច្រាំ សាច់គោ និងសាច់មាន់ ទៅតាមតម្រូវការរស់ទីផ្សារបច្ចុប្បន្ន។
ស្ថិតក្នុងឱកាសសម្ភោធ ដាក់ឲ្យដំណើរការរោងចក្រផលិតមីនេះជាផ្លូវការ លោកស្រី ជឹង សុគន្ធារី នាយិការរោងចក្រមីជាតិ បានលើកឡើងដូច្នេះថា “ផលិតផលមីជាតិ ត្រូវបានផលិត ជាផលិតផលខ្មែរលើកដំបូងគេនៅលើទីផ្សារកម្ពុជា ដែលបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលជាប្រជាពលរដ្ឋខ្មែរ។ មីជាតិ ត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផ្ចិត ផ្ចង់ សម្រិតសម្រាំងបំផុត និងផលិតដោយប្រើប្រាស់ម៉ាស៊ីននាំចូលពីប្រទេសជប៉ុន និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន។ នេះគឺជាពេលវេលាល្អសម្រាប់រោងចក្រ ធ្វើការផ្គត់ផ្គង់មី ទៅដល់បងប្អូនប្រជាពលរដ្ឋប្រមាណជា ១៦ លាននាក់ និងបន្ថយការពឹងផ្អែកទៅលើតម្រូវការមីពីបរទេស ឬប្រទេសជិតខាង”។
ឯកឧត្ដម អួន ពន្ធមុនីរ័ត្ន ក៏បានកាត់ខ្សែបូ សម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រតិបត្តិការរោងចក្រ និងបានចូលរួមចុះពិនិត្យ ការផលិតមី របស់រោងចក្រ ជាមួយកម្មករនិយោជិកផងដែរ។ រោងចក្រនេះ នឹងរួមចំនែកយ៉ាងច្រើន ទៅដល់ទីផ្សារការងារក្នុងស្រុក ពិសេសផ្គត់ផ្គង់សង្វាក់ផលិតកម្ម ក្នុងស្រុក ទៅតាមតម្រូវការទីផ្សារបច្ចុប្បន្នរបស់ប្រជាជនកម្ពុជា និងធ្វើការប្រកួតប្រជែងជាមួយផលិតផលក្រៅស្រុកផងដែរ។ ហេតុនេះបងប្អូនប្រជាពលរដ្ឋកម្ពុជា នឹងមានឱកាសការងារកាន់តែច្រើន ក៏ដូចជាឱកាសក្នុងការសិក្សាបន្ថែមទៅលើជំនាញ ក្នុងការប្រើប្រាស់ម៉ាស៊ីន ការងារបច្ចេកទេសផ្សេងៗទៀត ហើយទីផ្សារក៏អាចភ្លក់រសជាតិ មីជាតិ របស់កម្ពុជា ដែលមានតម្លៃប្រកួតប្រជែង ជាមួយនឹងប្រភេទមី ដែលនាំចូលពីបរទេសទៀតផង។
ហេតុនេះ មិនយូទៀតនោះទេ បងប្អូនប្រជាពលរដ្ឋ នឹងឃើញមានវត្តមាន មីជាតិ ដាក់លក់ពាសពេញទីផ្សារកម្ពុជា តែយ៉ាងណាក៏ដោយ មីកញ្ចប់ទាំង បី រសជាតិនោះ នៅមិនទាន់ប្រកាសឲ្យដឹងអំពីតម្លៃលក់នៅក្នុងទីផ្សារនៅឡើយទេ គ្រាន់តែដឹងថា វានឹងមានតម្លៃប្រកួតប្រជែងជាមួយមីបរទេសច្រើន។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ