សិង្ហបុរី ជាទីក្រុងស្អាតបំផុតនៅអាស៊ី និងលំដាប់ទី ១១ នៅលើពិភពលោក!

តាមរយៈការឲ្យពិន្ទុពីភ្នាក់ងារទេសចរណ៍ និងស្ថាប័នព័ត៌មានទេសចរណ៍ចំនួន ១,០០០ ស្ថាប័នជុំវិញពិភពលោក ហើយត្រូវបានប្រមូលទិន្នន័យដោយភ្នាក់ងារ Flight Network របស់ប្រទេសកាណាដា គេបានរកឃើញចំណាត់ថ្នាក់ទីក្រុងចំនួន ៥០ ដែលស្អាតជាងគេបំផុតនៅលើពិភពលោក។ ក្នុងនោះ ទីក្រុងសិង្ហបុរី បានស្ថិតនៅតារាងចំណាត់ថ្នាក់លេខ ១១ ជាទីក្រុងស្អាតជាងគេបំផុត ហើយស្ថិតនៅលើទីក្រុងផ្សេងដទៃទាំងអស់នៅអាស៊ី ខណៈទីក្រុងតូក្យូស្ថិតនៅចំណាត់ថ្នាក់ទី ១៨, ហុងកុងនៅលេខ ២៤, ចំណែកទីក្រុងអាស៊ីអាគ្នេយ៍ បាងកកនៅលេខ ៣៧ និងទីក្រុងហាណូយនៅលេខរៀងទី ៤៣។ 

ការឲ្យពិន្ទុនេះ បានផ្អែកទៅលើគឺគេផ្ដោតទៅលើទីក្រុងដែលមានបរិស្ថានស្អាត គួបផ្សំជាមួយការរួមបញ្ជូលគ្នារវាងធម្មជាតិ និងការកែច្នៃទីក្រុងបន្ថែមរបស់មនុស្សជាតិ ដូចជាផ្ដោតទៅលើការធ្វើនគរូបនីយកម្ម ស្ថាបត្យកម្មប្លែកៗ ទីក្រុងមានវប្បធម៌អរិយធម៌ខ្ពស់ និងអាកាសធាតុផងដែរ។ ដោយសារតែការរួមបញ្ជូលជាច្រើនផ្នែកបែបនេះហើយ ទើបទីក្រុងឌូបៃមិនស្ថិតនៅតារាងល្អនោះទេ បើទោះជាសំណង់អស្ចារ្យ ទីក្រុងទំនើបសោភ័ណភាពស្អាតក៏ដោយ ប៉ុន្តែចំពោះទីក្រុងដែលមានអរិយធម៌ចំណាស់ដូចជាទីក្រុង Rome ទើបទទួលបានពិន្ទុខ្ពស់។ 

តើគេនិយាយអ្វីខ្លះអំពីសិង្ហបុរី?

គេកោតសរសើរចំពោះសិង្ហបុរី ដែលជាទីក្រុងតូចប៉ុន្តែជាទីក្រុងចម្រុះពណ៌នាពេលរាត្រី និយាយបែបផ្សេងប្រទេសនេះមានវប្បធម៌ចម្រុះទាំងអាស៊ី អឺរ៉ុប អាមេរិច និងមជ្ឈឹមបូព៌ា -ល- នៅលើកោះតែមួយ។ ហើយអ្វីដែលគេសរសើរបំផុត គឺសិង្ហបុរីជាទឹកដីកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី និងជាកោះដែលបានអធិបតេយ្យឯករាជ្យតែមួយគត់លើពិភពលោក។ ជាងនេះទៅទៀត សិង្ហបុរី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ កម្រិតជីវភាពប្រជាជនប្រសើរជាងគេ បើទោះមានជំនួញច្រើន ដង់ស៊ីតេប្រជាជនច្រើនបំផុតលើលោក (ប្រហាក់ប្រហែលប្រទេស Monaco) ប៉ុន្តែគេអាចរក្សាប្រទេសឲ្យនៅមានភាពស្រស់ស្អាត រក្សាទីធ្លារបៃតង និងជាទីក្រុងមានសុវត្ថិភាពសន្ដិសុខល្អបំផុតនៅអាស៊ី។ 

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ទីក្រុងដែលស្រស់ស្អាតបំផុតលើលោកទាំង ១៥៖

១. ទីក្រុងបារីស ប្រទេសបារាំង

២. ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច

៣. ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស

៤. ទីក្រុងវេនីស ប្រទេសអីតាលី

៥. ទីក្រុងវេនឃូវើ ប្រទេសកាណាដា

៦. ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ

៧. ទីក្រុងខេបថោន ប្រទេសអាហ្វ្រិចខាងត្បូង

៨. ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិច

៩. ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

១០. ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

១១. ទីក្រុងសិង្ហបុរី

១២. ទីក្រុងលីសបុន ប្រទេសប៉ទុយហ្គាល់

១៣. ទីក្រុង Amsterdam ប្រទេស Netherland

១៤. ទីក្រុង Prague សាធារណរដ្ឋឆេក

១៥. ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល