ចម្លាក់បង្កាន់ដៃ នៅខ្លោងទ្វារដីឆ្នាំងបញ្ចប់ការជួសជុលជាស្ថាពរ!

ប្រសិនបើប្រិយមិត្តបានទៅទស្សនានៅតំបន់អភិរក្សអង្គរ ក្នុងតំបន់ប្រាសាទវង់ធំ (អង្គរធំ) លោកអ្នកប្រហែលជាចេញចូលជាញឹកញាប់តាមខ្លោងទ្វារទន្លេរអុំ (ខាងត្បូង) ដែលឆ្ពោះទៅកាន់ប្រាសាទបាយ័នហើយ ព្រោះវាគឺជាច្រកដែលគេអាចធ្វើដំណើរចេញពីប្រាសាទអង្គរវត្ត។ ចំណែកនៅម្ខាងនៃខ្លោងទ្វារទន្លេរអុំ គឺជាខ្លោងទ្វារដីឆ្នាំង (ជាខ្លោងទ្វារខាងជើង) គេអាចបន្ដរដំណើរ សម្រាប់ទៅទស្សនាប្រាសាទព្រះខ័ណ្ឌ ប្រាសាទនាគព័ន្ធ -ល-។ គូសបញ្ជាប់ថា នៅប្រាសាទអង្គរធំ មានខ្លោងទ្វារចំនួន ៥ ក្នុងនោះរួមមាន៖ ទ្វារទន្លេអុំ, ទ្វារដីឆ្នាំង, ទ្វារជ័យ, ទ្វារតាកាវ, និងទ្វារខ្មោច ដែលសុទ្ធតែត្រូវបែងចែកតួនាទីខុសគ្នាដើម្បីប្រើប្រាស់ ហើយគេហទំព័រយើងនឹងរៀបរាប់លំអិតនៅអត្ថបទក្រោយ។ 

បន្ថែមពីនោះទៀត នៅខ្លោងទ្វារយើងបានឃើញនូវចម្លាក់បង្កាន់ដៃសងខាងច្រកចូល ដែលមានចម្លាក់អសុរ និងទេវតាទ្រនាគ គឺជាចម្លាក់នៅក្នុងសាច់រឿងកូរសមុទ្រទឹកដោះ ដែលបង្ហាញអំពីការកកើតដី និងប្រទេសខ្មែរផងដែរ។ ចំពោះចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង វាត្រូវបានជួសជុលឡើងវិញរយៈពេលជិតមួយឆ្នាំមកហើយ ដោយសារតែទទួលរកនូវភ្លៀងខ្យល់អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់មានការដួលរលំចម្លាក់ ទើបអាជ្ញាធរជាតិអប្សររៀបចំចម្លាក់នោះឡើយវិញ និងទើបតែបញ្ចប់ការជួសជុលជាស្ថាពរនៅក្នុងខែធ្នូនេះ។

នៅក្នុងកិច្ចការជួសជុលចម្លាក់បង្កាន់ដៃ នៅខ្លោងទ្វារដីឆ្នាំងនេះ ត្រូវបានចូលរួមពីសំណាក់ស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមកាងារអភិរក្សថ្ម ពលករ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្ដើមតាំងពី ខែមេសា ២០១៩ មកម្ល៉េះ ហើយដំណើរការជួសជុលគឺត្រូវស្របតាមតម្លៃបេតិកភណ្ឌខ្មែរ និងច្បាប់អន្តរជាតិ ដែលបានកំណត់សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ 

លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលឲ្យដឹងថា ដំណើរការជួសជុលនេះគឺសម្រេចបានដោយលើករូបបង្កាន់ដៃអសុរា និងទេវតាដែលទ្រេត ដួលរលំរាយប៉ាយ ខ្វះលំនឹង ស្រុត បម្រុងដួលរលំ ទាំងអស់តម្រង់រូបចម្លាក់ទាំងនោះឲ្យត្រង់ ជាប់មាំឡើងវិញបាន ១០០% និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់តួខ្លួនអសុរានិងទេវតាកាន់ក្បាលនាគ ព្រមទាំងព្រះកេសនាគខាងលើបន្ថែមចម្លាក់ថ្មជាថ្មីដើម្បីរក្សាលំនឹងផងដែរ។ 

ខ្លោងទ្វារដីឆ្នាំង គឺជាខ្លោងទ្វារដ៏សំខាន់មួយនៃប្រាសាទអង្គរធំ ដោយគេអាចធ្វើដំណើរទៅកាន់ប្រាសាទជាច្រើនទៀតក្នុងតំបន់អង្គរ ហើយតាមផ្លូវនេះគឺជាផ្លូវមមារញឹកមួយសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរ ទើបកន្លងមកចម្លាក់បង្កាន់ដៃខ្លោងទ្វារទទួលរកការខួចខាត ដោយសាររំញ័រនៃយានយន្ដបរកាត់ និងកត្តាធម្មជាតិដូចជាត្រូវទឹកភ្លៀងហូរច្រោះដីធ្វើឲ្យចម្លាក់ស្រុតជាដើម។ 

ហេតុនេះហើយ ទើបអាជ្ញាធរជាតិអប្សរាដែលជានាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានបើកកិច្ចការជួសជុលសំណង់នេះឡើងវិញ ដើម្បីថែរក្សានូវបេតិកភណ្ឌដ៏អស្ចារ្យមួយនេះឲ្យបានល្អ និងជាការរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ។ ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឲ្យភ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ននិងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ។ 

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា