កម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅទេសចរណ៍កំពូលទាំង ១០ ដែលមានសណ្ឋាគារផ្កាយ ៥ ល្អជាមួយតម្លៃសមរម្យជាងគេ!

បើនិយាយអំពីតម្លៃស្នាក់នៅសណ្ឋាគារផ្កាយ ៥ វាពិតណាស់ថាមានតម្លៃថ្លៃខ្ពស់ ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពស្នាក់នៅនោះទេ ពោលគឺមានភាគតិចបំផុត ប៉ុន្តែប្រទេសកម្ពុជា បានស្ថិតនៅក្នុងចំណោមប្រទេសទាំង ១០ ដែលទិសដៅទេសចរណ៍មានតម្លៃស្នាក់នៅសណ្ឋាគារផ្កាយ ៥ ល្អនិងតម្លៃសមរម្យជាងគេបំផុត នៅជុំវិញពិភពលោក។

តាមការសិក្សាស្រាវជ្រាវរបស់ស្ថាប័ន The Hotel Guru បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅចំណាត់ទី ៩ ទៅលើសណ្ឋាគារផ្កាយ ៥ ដែលមានប្រណិតភាពខ្ពស់ ប៉ុន្តែស្ថិតនៅក្នុងតម្លៃដ៏សមរម្យបំផុតក្នុងចំណោមប្រទេសទាំង ៩៩ នៅក្នុងទ្វីបចំនួន ៦ ហើយចំណាត់ថ្នាក់នេះទៀតសោតក៏បានពីការវាយតម្លៃទៅលើទិដ្ឋភាពគុណភាព និងមតិរបស់អតិថិជនស្នាក់នៅផងដែរ។ ក្នុងចំណាត់ថ្នាក់ទាំង ១០ នោះ កម្ពុជាគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលបានស្ថិតនៅក្នុងតារាង Top 10 ដោយចំណាត់ថ្នាក់មានដូចជា៖ 

១. ប្រទេស Armenia 

២. ប្រទេស Serbia

៣. ប្រទេស Colombia 

៤. ប្រទេស Poland

៥. ប្រទេស Lithuania 

៦. ប្រទេស Paraguay 

៧. ប្រទេស Romania

៨. ប្រទេស Bulgaria 

៩. ប្រទេស កម្ពុជា

១០. ប្រទេស Latvia 

ប្រទេសកម្ពុជា កំពុងមានភាពរីកចម្រើនលើការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ ជាច្រើនកន្លែង ដោយភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ, ក្រុងសៀមរាប និងក្រុងព្រះសីហនុ ដោយក្នុងនោះសណ្ឋាគារល្បីរួមមាន៖ សណ្ឋាគារ Sofitel Phnom Penh, Raffles Le Royal, សណ្ឋាគារ Le Bokor Palace, Park Hyatt Siem Reap, សណ្ឋាគារសុខា, កោះសង្សារីសត, Marriot Siem Reap Resort -ល-។ ចំពោះចំណាត់ថ្នាក់ដ៏ល្អទៅលើការវាយតម្លៃនៃសណ្ឋាគារផ្កាយ ៥ នៅកម្ពុជានេះ វាជាសញ្ញាបៃតងមួយបង្ហាញទៅដល់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍សម្រាប់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ម្យ៉ាងវិញទៀត វាក៏អាចទាក់ទាញភ្ញៀវទេសចរណ៍កម្រិតខ្ពស់ដែលស្វែងរកសណ្ឋាគារលំដាប់ មកលំហែកាយនៅក្នុងតម្លៃទាបផងដែរ។