មហាសេដ្ឋីម៉ាឡេស៊ីប្រាក់ពាន់លានដុល្លារ ចំនួន ៥ រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅប្រទេសម៉ាឡេស៊ី!

កាលពី ៦០ ឆ្នាំមុនចាប់ផ្ដើមក្នុងទសវត្ស ១៩៦០ គឺជារយៈពេលដែលប្រទេសម៉ាឡេស៊ីចាប់ផ្ដើមធ្វើពាណិជ្ជកម្មសេរី ប្រជាជនប្រឹងប្រែងរកស៊ីធ្វើការទៅលើវិស័យផ្សេងៗគ្នា (ក្រោយពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៧) រហូតអភិវឌ្ឍន៍ប្រទេសរីកចម្រើន និងមានមហាសេដ្ឋីច្រើនដល់សព្វថ្ងៃនេះ។ សម្រាប់មហាសេដ្ឋីប្រាក់លើសពីខ្ទង់ពាន់លានដុល្លារនៅម៉ាឡេស៊ីមានចំនួន ១៥ រូបក្នុងនោះសុទ្ធសឹងតែក្ដោបក្ដាប់ជំនួញធំៗក្នុងប្រទេស ដូចជាប្រេង អចលនទ្រព្យ ឈើ កៅស៊ូ សំណង់  កាស៊ីណូ ធនាគារ -ល- ហើយខាងក្រោមនេះគឺជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅប្រទេសម៉ាឡេស៊ី។

១. លោក Robert Kuok Hock Nien

លោក Robert Kuok មានអាយុ ៩៦ ឆ្នាំជាស្ថាបនិកក្រុមហ៊ុន Kuok Group ដែលលោកជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅម៉ាឡេស៊ី ប្រមាណ ១១.៥ ពាន់លានដុល្លារ។ ក្រុមហ៊ុន Kuok Group រួមបញ្ជូលទាំងវិស័យអចលនទ្រព្យ សណ្ឋាគារ ដូងប្រេង និងដឹកជញ្ជូន។ លោកបានចាប់ផ្ដើមដោយការវិនិយោគសណ្ឋាគារ Shangri-La Hotels នៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ ១៩៧១ និងសាខាទី ២ នៅហុងកុង ឆ្នាំ១៩៨១។ សព្វថ្ងៃនេះ លោក Robert Kuok រស់នៅទីក្រុងហុងកុង ដែលមានកូនចំនួន ៨ នាក់ ហើយកូនប្រុសពៅ Kuok Khoon Hua បានក្លាយទៅជានាយកក្រុមហ៊ុន Kerry Properties។ 

២. លោក Quek Leng Chan

លោក Quek Leng Chan អាយុ ៧៨ ឆ្នាំមានទ្រព្យសម្បត្តិជាង ៩.៧ ពាន់ដុល្លារជាស្ថាបនិកក្រុមហ៊ុន Hong Leong Group Malaysia មានទីស្នាក់ការនៅគូឡាឡាំពួ។ ក្រុមហ៊ុន Hong Leong Group មានរួមបញ្ជូលទាំងសេវាហិរញ្ញវត្ថុ, អចលនទ្រព្យ, សណ្ឋាគារ, និងវិនិយោគនៅហុងកុងផ្នែកឧស្សាហកម្ម ហិរញ្ញវត្ថុ ជាច្រើនទៀត។ លោក Quek មិនមែនត្រឹមតែជាមហាសេដ្ឋីម្នាក់ឯងនោះទេ ប៉ុន្តែបងប្អូនជីដូនមួយរបស់គាត់លោក Kwek Leng Beng ក៏ជាមហាសេដ្ឋីប្រាក់ខ្ទង់ពាន់លានដុល្លារនៅសិង្ហបុរី ចំណែកឪពុករបស់លោក ក៏ជាមហាសេដ្ឋីផ្នែកធនាគារតាំងពីឆ្នាំ ១៩២០ មកផងដែរ។ 

៣. លោក Ananda Krishnan 

លោក Amanda Krishnan ជាអ្នកជំនួញ និងសប្បុរសជន មានអាយុ ៨១ ឆ្នាំមានទ្រព្យសម្បត្តិជាង ៥.៩ ពាន់លានដុល្លារ លោកជាស្ថាបនិកក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌា Aircel, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងក្រុមហ៊ុន Bumi Armada សេវាកម្មប្រេង, ហើយក៏ជាស្ថាបនិកក្រុមហ៊ុន Usaha Tegas ដែលផ្ដោតទៅលើវិស័យអប់រំ, សិល្បៈ និងកីឡាជាដើម លោកក៏ជាស្ថាបនិកមូនិធិ Yu Cai Foundation ដែលផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត -ល-។

៤. លោក Chen Lip Keong

លោក Chen Lip Keong មានអាយុ ៧២ ឆ្នាំ គាត់គឺជានាយកក្រុមហ៊ុន NagaCorp ដែលជាកាស៊ីណូធំជាងគេបំផុតនៅកម្ពុជា។ ទ្រព្យសម្បត្តិរបស់លោក Chen ភាគច្រើនបានមកពីវិស័យកាស៊ីណូ ថ្វីត្បិតតែធ្វើការងារដំបូងជាវេជ្ជបណ្ឌិតក៏ដោយ ហើយលោកក៏មានក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ និងថាមពលដែរ។ សព្វថ្ងៃលោកមានទ្រព្យសម្បត្តិជាង ៥.៣ ពាន់លានដុល្លារ ហើយជំនួញជាងគេបំផុតគឺកាស៊ីណូ Naga ដែលបានបើកតាំងពីឆ្នាំ ១៩៩៤ នៅទីក្រុងភ្នំពេញ ដែលមានសិទ្ធផ្ដាច់មុខរហូតដល់ឆ្នាំ ២០៣៥ និងមានអាជ្ញាប័ណ្ណដំណើរការកាស៊ីណូរហូតដល់ឆ្នាំ ២០៦៥។ គូសបញ្ជាក់ផងដែរថា ដំបូងឡើយកាស៊ីណូ Naga បើកទីមួយនៅទីក្រុងហុងកុង ប៉ុន្តែសាខាទី ២ នៅភ្នំពេញទទួលបានជោគជ័យខ្លាំងជាង ដែលរីកអគារធំៗចំនួន ២ ភ្ជាប់ដោយផ្លូវក្រោមដី និងត្រៀមសាងសង់អគារទី ៣ ផងដែរ។ សព្វថ្ងៃលោក Chen Lip Keong រស់នៅក្នុងប្រទេសកម្ពុជា។

៥. លោក Teh Hong Piow

លោក The Hong Piow បានកើតនៅក្នុងប្រទេសសិង្ហបុរី លោកមានអាយុ ៨៩ ឆ្នាំហើយ ជាមួយនឹងទ្រព្យសម្បត្តិជាង ៤.៨៥ ពាន់លានដុល្លារពីវិស័យធនាគារ។ គាត់បានចាប់ផ្ដើមធ្វើការនៅធនាគារក្នុងអាយុ ២០ ឆ្នាំនិងចាប់ផ្ដើមសន្សំប្រាក់ដំណើរការក្រុមហ៊ុន Public Bank Berhad ផ្ទាល់ខ្លួនតែម្ដងនៅអាយុ ៣៦ ឆ្នាំ ថែមទាំងបានពង្រីកសាខាបានដល់ជាង ២៦០ កន្លែងក្នុងប្រទេស និង ២ សាខានៅឯនាយសមុទ្រ។ លោក The Hong Piow ត្រូវបានគេពានរង្វាន់ជាអ្នកមានជំនាញខាងវិស័យធនាគារល្អបំផុតនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបច្ចុប្បន្នលោកបានចូលនិវត្តហើយ និងនៅគ្រប់គ្រងជំនួញ ១/៤ នៃក្រុមហ៊ុន ហើយក៏គ្រប់គ្រង ៤៤% នៃក្រុមហ៊ុនធនារ៉ាប់រង LPI Capital ផងដែរ។