ស្ពានត្សឹបាសា ឬស្ពានអ្នកលឿន គឺជាមិត្តភាពម៉ឺនឆ្នាំ ដែលមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងជប៉ុន

ភ្នំពេញ៖ គិតមកដល់ពេលនេះស្ពានឆ្លងទន្លេហៅថា ត្សឹបាសា ឬស្ពានអ្នកលឿង បានរួមចំណែកដោះស្រាយបញ្ហាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាច្រើន ពិសេសការកាត់បន្ថយចំនាយដោយឆ្លងកាត់ទន្លេ ដោយមុនឆ្នាំ ២០១៥ ប្រជាពលរដ្ឋត្រូវធ្វើដំណើរយ៉ាងលំបាក ដោយឆ្លងតាមទូកកាណូត ឬសាឡាង ជាមួយនឹងហានិភ័យខ្ពស់ ពិសេសខាតបង់ពេលវេលាជាច្រើន។ ក្រោយពីស្ពាន ត្សឹបាសា ត្រូវបានសាងសង់រួច និងសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥ កន្លងមក គិតមកដល់ពេលនេះវាមានអាយុកាល ៥ ឆ្នាំហើយ។

ឆ្លៀតក្នុងឱកាសគំរប់ខួប ៥ ឆ្នាំនេះ លោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងនូវមនោសញ្ចេតនា ចំពោះចំណងដៃមិត្តភាពរវាងកម្ពុជា និងជប៉ុន ដែលបង្ហាញអំពីមិត្តភាពរាប់ម៉ឺនឆ្នាំ មិនអាចកាត់ថ្លៃបាន។ ឯកឧត្ដម Mikami Masahiro បានបង្ហោះសារដូច្នេះថា “ថ្ងៃនេះ គឺជាខួបគម្រប់ ៥ឆ្នាំ ដែលស្ពានត្សឹបាសាបានកសាងឡើង។ នៅពេលដែលខ្ញុំឈរលើស្ពាននេះ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្ដូកដងខ្លួនចំកោងខ្នង គ្របដណ្ដប់លើផ្ទៃទឹកហូរនៃដងទន្លេមេគង្គ ដ៏ស្រស់បំព្រងមួយនេះ”។ លោកក៏បានឆ្លៀតពន្យល់នូវអត្ថន័យស្ពាននេះផងដែរអំពីពាក្យថា “ត្សឹបាសា” គឺជាភាសាជប៉ុន ដែលមានន័យថា “សត្វបក្សី” ដែលសមនឹងតួស្ពាន មានរូបរាងប្រៀបបានដូចជាសត្វស្លាបបក្សីអញ្ចឹងដែរ។

ជាការរំលឹងផងដែរនោះ មូលហេតុដែលសម្រេចដាក់ឈ្មោះនេះ គឺចង់បង្ហាញ និងបញ្ជាក់អំពីន័យនិមិត្តរូបថា មិត្តភាពកម្ពុជា ជប៉ុន នឹងរីកចម្រើនរួមគ្នាតទៅមុខទៀត ប្រៀបបានដូចជាសត្វបក្សីហោះហើរត្រដាងស្លាបយ៉ាងរីករាយនៅលើលំហអាកាសវេហាដូច្នោះដែរ។ ជាចុងក្រោយឯកឧត្ដមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានផ្ញើសារផ្ដែផ្ដាំទៅដល់ប្រជាជនកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តប្រើប្រាស់ស្ពានមួយនេះប្រកបដោយក្ដីស្រឡាញ់ ជួយថែរក្សា ឲ្យបានស្ថិតស្ថេរយូរអង្វែងតទៅ សម្រាប់ផ្ដល់ជាមត៌កទៅដល់កូនចៅជំនាន់ក្រោយទៀតនៅកម្ពុជា។ 

គួរបញ្ជាក់ដែរថា ស្ពានត្សឹបាសា ឬ ដែលប្រជាជនខ្មែរភាគច្រើនហៅកាត់ថា ស្ពានអ្នកលឿង នេះមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាបយោងទី១ នៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់អស់ជាង ១៣០ លានដុល្លារ ដែលជាថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាង ១៩លានដុល្លារទៀត ពីរដ្ឋាភិបាលកម្ពុជា។ ស្ពានមួយនេះ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ០៦ មេសា ឆ្នាំ ២០១៥ ហើយត្រូវបានចាត់ថ្នាក់ថា ជាស្ពានដ៏វែងជាងគេទី ១ នៃប្រវត្តិសាស្ត្រកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ៕

 

ប្រភព៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា