ភ្នំពេញ៖ ដើម្បីសម្រួលទៅដល់ ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជូនដំណឹងអំពីការអនុវត្តគោលការណ៍ថ្មី តាមរយៈការចុះផ្ដល់នូវសេវាពន្ធដារ លើការប្រគលប័ណ្ណសម្គាល់ ការបង់ពន្ធអចលនទ្រព្យ នៅក្នុងដែនដីរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ការចុះផ្តល់សេវាពន្ធដារលើការប្រគល់ប័ណ្ណ សម្គាល់ការបង់ពន្ធអចលនទ្រព្យនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមធ្វើការបោះពុម្ពបន្ថែម នូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដែលហៅកាត់ថា (កាតអចលនទ្រព្យ) ទៅដល់ម្ចាស់អចលនទ្រព្យ ដែលបានធ្វើបច្ចុប្បន្នភាព នៃព័ត៌មានអចលនទ្រព្យរបស់ខ្លួន ដោយតម្រូវឱ្យបង់ថ្លៃសេវាកម្មត្រឹមតែ ៥,០០០ រៀលតែប៉ុណ្ណោះ ដើម្បីស្នើសុំធ្វើកាត។
ការធ្វើកាតនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ងាយស្រួលទៅដល់ការបង់ពន្ធសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងដែនដីរាជធានីភ្នំពេញ។ ក្នុងនោះផងដែរក៏ធ្លាប់មានម្ចាស់អចលនទ្រព្យមួយចំនួន ដែលបានបង់ប្រាក់កម្រៃសេវា និងបានស្នើសុំធ្វើកាតអចលនទ្រព្យរួចហើយ ក៏ប៉ុន្តែពុំទាន់ទទួលបាននូវកាតអចលនទ្រព្យនៅឡើយ ហើយរដ្ឋបាលសារពើពន្ធ ក៏ពុំអាចធ្វើការទំនាក់ទំនងម្ចាស់អចលនទ្រព្យបាន និងម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅពុំទាន់បានអញ្ជើញមកទទួលយកកាតអចលនទ្រព្យ ពីរដ្ឋបាលសារពើពន្ធផងដែរ។ ហេតុដូច្នេះ ដើម្បីជម្រុញឱ្យការប្រគល់កាតអចលនទ្រព្យ ដែលបានបោះពុម្ភរួច អគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្ដល់សេវាប្រគល់ជូនដល់ទីតាំងភូមិសាស្ត្រ ដែលអចលនទ្រព្យស្ថិតនៅតែម្ដង ឬម្ចាស់អចលនទ្រព្យអាចអញ្ជើញមកទទួលយកកាតដោយផ្ទាល់ នៅបញ្ជរលេខ ២០ , ២១ និង ២២ នៅអគ្គនាយកដ្ឋានពន្ធដារ នៅរៀងរាល់ម៉ោងធ្វើការ។
សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលនៅមិនទាន់បានបង្កើតប័ណ្ណខាងលើនេះ អាចស្នើសុំកាតអចលនទ្រព្យបាន ដោយគ្រាន់តែចំនាយទឹកប្រាក់ត្រឹមតែ ៥,០០០៛ ដោយការស្នើសុំនេះអាចធ្វើទៅបាននៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។ គួរបញ្ជាក់ផងដែរថា ការអនុវត្តវិធានការចុះផ្ដល់កាតអចលនទ្រព្យនេះ នឹងធ្វើឡើងសម្រាប់តែនៅរាជធានីភ្នំពេញសិនប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្ត អាចនឹងត្រៀមអនុវត្តនាពេលអនាគត៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ