សម្រាប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ អគារ Gold Tower ប្រហែលជាអគារដែលមានអ្នកស្គាល់ និងចាប់អារម្មណ៍ច្រើនជាងគេបំផុត ពីព្រោះវាជាគម្រោងអគារខុនដូខ្នាតធំដំបូងគេបង្អស់ ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ មករហូតដល់បច្ចុប្បន្ន រាជធានីភ្នំពេញ មានខុនដូ និងអគារខ្ពស់ៗរីកដូចផ្សិត ប៉ុន្តែអគារ Gold Tower ស្ថិតនៅក្រោមការសាងសង់ដដែល។ យើងអាចនិយាយបានថា នេះគឺជាអគារដែលសាងសង់យូរបំផុតក្នុងទីក្រុងភ្នំពេញ ដែលចំណាយពេលលើសពី ១ ទសវត្ស។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យអគារទទួលបានប្រជាប្រិយភាពច្រើនគឺ «ពណ៌មាស»។ ជាការពិតណាស់ គម្រោងអគារបំពាក់កញ្ចក់ពណ៌មាស នៅក្នុងរាជធានីភ្នំពេញយើងឃើញមានតែ Naga World និង Gold Tower នេះប៉ុណ្ណោះ ដែលធ្វើឲ្យវាលេចធ្លោជាងគេ។ អញ្ចឹងថ្ងៃនេះ យើងមកស្គាល់ពីព័ត៌មានសំខាន់ៗមួយចំនួនរបស់អគារដ៏ល្បីល្បាញ Gold Tower 42 ទាំងអស់គ្នា។

- ការចាប់ផ្ដើម
អគារ Gold Tower 42 ជាឈ្មោះដើមរបស់វា ប៉ុន្ដែយើងនិយមហៅថាអគារ ៤២ ជាន់។ អគារនេះ ត្រូវបានវិនិយោគនៅលើផ្ទៃដី ១៤០,០០០ ម៉ែត្រការ៉េ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស កែងមហាវិថីព្រះសីហនុ ទល់មុខវិទ្យាល័យព្រះយុគន្ធរ។ គម្រោងវិនិយោគលើអគារនេះ មានក្រុមហ៊ុនធំៗចំនួន ២ រួមមានក្រុមហ៊ុន Yon Woo Co, Ltd. ជាអ្នកវិនិយោគទៅលើសំណង់ និងក្រុមហ៊ុន DAIHAN Real Estate ជាអ្នកវិនិយោគទៅលើផ្នែកហិរញ្ញវត្ថុ ដែលក្រុមហ៊ុនទាំង ២ ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង។ ការចាប់ផ្ដើមសម្ពោធការដ្ឋានសាងសង់ដំបូងរបស់ Gold Tower គឺនៅដើមឆ្នាំ ២០០៨ និងព្យាករណ៍បញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១១ ប៉ុណ្ណោះ ហើយគោលដៅរបស់អគារនេះ គឺការផ្គត់ផ្គង់ខុនដូ និងការិយាល័យក្រុមហ៊ុន ដោយក្នុងគម្រោងគេនឹងមានកន្លែងចតយានយន្ដ ៥ ជាន់, ផ្សារទំនើប ៣ ជាន់, ការិយាល័យចំនួន ៨ ជាន់, និងខុនដូ ២៩ ជាន់។

- ដំណាក់កាលផ្អាកការសាងសង់
នៅពេលដែលគម្រោងសាងសង់ចេញដំបូង ឆ្នាំ ២០០៨ ខុនដូនៅក្នុងអគារ Gold Tower ប្រមាណ ៥០% ត្រូវបានគេកក់យកអស់ទុកជាមុនបាត់ទៅហើយ ភាគច្រើនគឺជាជនជាតិកូរ៉េ ចិន និងជប៉ុន។ ថ្វីត្បិតគេដាក់គម្រោងក្នុងការបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១១ ក៏ដោយ ប៉ុន្តែអ្វីៗមិនដូចការរំពឹងឡើយ ដោយសារម្ចាស់គម្រោង ពោលគឺក្រុមហ៊ុនកូរ៉េទាំង ២ ខាងលើ មានវិបត្តិផ្នែកហិរញ្ញវត្ថុ ដែលធ្វើឲ្យដំណើរការសាងសង់ផ្អាកលើកទី ១ នៅក្នុងឆ្នាំ ២០០៩។ ក្រោយមក ក្នុងឆ្នាំ ២០១០ ដំណើរការសាងសង់អគារនេះ បានដំណើរការបន្ដរទៅមុខទៀត ដល់ឆ្នាំ ២០១២ ក៏ត្រូវផ្អាកជាលើកទី ២ ជាចុងក្រោយ ក្នុងឆ្នាំ ២០១៣ ការសាងសង់បានបន្ដរតែបន្ដិច អគារ Gold Tower ក៏បានទុកចោលមកដល់ឆ្នាំ ២០១៨ ដែលបន្សល់ទុកនូវអគារកម្ពស់ ៣២ ជាន់ មានតែគ្រោងអគារប៉ុណ្ណោះ ហើយបានតាមរបាយការណ៍បង្ហាញថា គេបានសង់វាអស់ទឹកប្រាក់ ១០០ លានដុល្លាររួចមកហើយ។

- ការវិនិយោគទៅអោយក្រុមហ៊ុនចិន
នៅខែវិច្ឆិកា ឆ្នាំ ២០១៧ គឺជាពេលដែលអគារ Gold Tower មានពន្លឺឡើងវិញ ដោយទីបំផុតក្រុមហ៊ុន Yon Woo Cambodia Co, Ltd បានចុះកិច្ចព្រមព្រៀងវិនិយោគអគារនេះទៅឲ្យក្រុមហ៊ុនចិន ២ រួមមានក្រុមហ៊ុន Shenzhen Hongtao Decoration Co, Ltd. និងក្រុមហ៊ុន Macao’s Weimin Construction Engineering Co, Ltd ដើម្បីបង្ហើយការសាងសង់អគារនេះតែម្ដង ដោយគេបានបន្ថែមទឹកប្រាក់វិនិយោគចំនួន ១៤០ លានដុល្លារ ពីលើទឹកប្រាក់ ១០០ លានដុល្លារ ដែលក្រុមហ៊ុនកូរ៉េទាំង ២ ដោយជាសរុបអគារនេះគឺវិនិយោគអស់ទឹកប្រាក់ ២៤០ លានដុល្លារ។ នៅដើមឆ្នាំ ២០១៨ អគារ Gold Tower ចាប់ផ្ដើមបន្ដរការសាងសង់ពីត្រឹម ៣២ ជាន់ ដែលទុកចោលនោះឡើងទៅលើបញ្ចប់ដល់កំពូល។
គួរឲ្យចាប់អារម្មណ៍ថា គម្រោងដំបូងអគារ Gold Tower 42 គម្រោងសាងសង់ត្រឹម ៤២ ជាន់ និងកម្ពស់ ១៩២ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោយពីអគារ Gold Tower បានវិនិយោគបន្ដរទៅក្រុមហ៊ុនចិនទាំង ២ វាត្រូវបានសាងសង់ ៥ ជាន់បន្ថែមទៀត ដែលធ្វើឲ្យអគារនេះឡើងកម្ពស់ដល់ ៤៧ ជាន់ និងមានកម្ពស់សរុប ២១១.៥ ម៉ែត្រ និងក្លាយជាអគារខ្ពស់ជាងគេបំផុតក្នុងទីក្រុងភ្នំពេញ នៅពេលវាបើកសម្ពោធជាផ្លូវការ។ ដូចនេះវាអាចនឹងប្រែឈ្មោះទៅជាអគារ Gold Tower 47 ឬ Gold Tower ធម្មតាវិញ។

អគារ Gold Tower ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ចុងឆ្នាំ ២០១៩ ឬយ៉ាងយូរត្រឹមដើមឆ្នាំ ២០២០ ព្រោះគេត្រូវសម្ពោធវាជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខនេះហើយ។ ចំណែកឯគម្រោងផ្នែកខាងក្នុងក៏ត្រូវផ្លាស់ប្ដូរមួយចំនួនដែរ ដូចជាគេយកជាន់ក្រោមដី ចំនួន ៥ ជាន់ជាចំណតយានយន្ដ ហើយចាប់ពីជាន់ទី ១ ទៅជាន់ទី ៣ គឺជាបណ្ដុំផ្សារទំនើប, ជាន់ទី ៤ ដល់ជាន់ទី ១២ គឺជាការិយាល័យក្រុមហ៊ុន, ជាន់ទី ១៣ គឺជាក្លឹបកំសាន្ដ ភោជនីយដ្ឋាន និងក្លឹបកីឡា, ជាន់ទី ១៤ ដល់ជាន់ទី ៤២ ជាខុនដូដែលមានចំនួន ៣៩៩ យូនីត។

សរុបមកវិញ អគារ Gold Tower ពិតជាមានប្រវត្តិគួរឲ្យចាប់អារម្មណ៍មួយ ដែលមានការសាងសង់ជាងមួយទសវត្ស ហើយយើងបានឃើញវាត្រូវគេទុកចោលរាប់ឆ្នាំមកហើយ ប៉ុន្តែវានៅតែអាចបន្ដរទៅមុខបានដោយមានក្រុមហ៊ុនផ្សេងមកវិនិយោគបន្តរ។ ការសាងសង់យូរបែបនេះ ក៏ដោយសារតែពិភពលោកបានជួបវិបត្តិហិរញ្ញវត្ថុខ្លាំងនៅឆ្នាំ ២០០៨ ផងដែរ ម្យ៉ាងទៀតអគារមួយនេះ ត្រូវសាងសង់ក្នុងរង្វង់ទឹកប្រាក់ច្រើនដល់ ២៤០ លានដុល្លារឯណោះ។ យ៉ាងណាមិញ អគារនេះកំពុងតែជិតបានសំរេចហើយ ដោយគេបានចាក់ដល់ជាន់ទី ៤៧ រួចរាល់ហើយ ថែមទាំងកំពុងបិតកញ្ចក់មាស បានប្រហែល ៦០% ផងដែរ ដូចនេះមិនយូរទេ អគារនេះនឹងទាក់ទាញភ្ញៀវយ៉ាងច្រើនចូលទៅកំសាន្ដ, ដើរផ្សារទំនើប, និងមានអ្នកទិញខុនដូរស់នៅជាដើម។ ហើយយើងទាំងអស់គ្នា ក៏ចង់ដឹងដែរថា តើអគារដែលសាងសង់ជាង ១០ ឆ្នាំមកនេះ ផ្នែកខាងក្នុងរបស់វារៀបចំបានស្អាតប៉ុណ្ណាទៅ?