អាងត្រពាំងថ្ម ជាគម្រោងប្រព័ន្ធធារាសាស្ត្រធំមួយក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់តាំងពីសម័យអង្គរ ហើយត្រូវបានស្ថាបនាពង្រីកបន្ថែមជាអាងស្ដុកទឹកដ៏សំខាន់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទសវត្សទី ៧០។ បច្ចុប្បន្ន គម្រោងនេះមិនត្រឹមតែជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចម្ការរបស់ប្រជាកសិករប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជារមណីដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវមកងូតទឹក ជិះទូកលេង ឬទស្សនាធនធានធម្មជាតិ ជីវៈចម្រុះ -ល- ព្រោះអាងមួយនេះត្រូវបានរៀបចំជាតំបន់អភិរក្សដែនជម្រកសត្វស្លាបដ៏កម្រ និងសត្វស្លាបជិតផុតពូជក្នុងប្រទេសកម្ពុជាផងដែរ ក្រោមកិច្ចសហការជាមួយអង្គការ WCS។

យោងតាមប្រសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អាងទឹកត្រពាំងថ្ម មានទីតាំងស្ថិតនៅភាគឦសាននៃខេត្តបន្ទាយមានជ័យ គ្របដណ្ដប់លើភូមិចំនួន ៣ គឺភូមិត្រពាំងថ្មខាងជើង, ភូមិសំបូរ, និងភូមិពង្រ ឃុំប៉ាយចារ ស្រុកភ្នំស្រុក ជាប់ខេត្តសៀមរាប និងបន្ទាយមានជ័យ។ អាងត្រពាំងថ្មមានបណ្ដោយប្រវែង ១២ គីឡូម៉ែត្រ និងទទឺង ១០ គីឡូម៉ែត្រ អាចស្ដុកទឹកបានចំនួន ១៨០ លានម៉ែត្រគីប។

នៅក្នុងរដូវបុណ្យទាន អាងត្រពាំងថ្មបានក្លាយទៅជារមណីដ្ឋានដ៏សំខាន់មួយ ដែលបងប្អូនប្រជាពលរដ្ឋរៀបចំពិធី និងមកកម្សាន្ដសប្បាយ ជាពិសេសនៅរដូវបុណ្យភ្ជុំបិណ្យ ឬអុំទូកតែម្ដង។ អ្នកមកកម្សាន្ដនៅអាងត្រពាំងថ្ម ភាគច្រើនគេមកក្នុងរដូវវស្សាដែលមានទឹកគ្រប់គ្រាន់ ដើម្បីងូតទឹកកម្សាន្ដនៅទីនោះ និងជិះទូកទស្សនាធនធានធម្មជាតិ ដូចជាត្រី ព្រៃនៅជាប់អាងទឹក បណ្ដុំសត្វស្លាបកម្រក្នុងប្រទេសកម្ពុជា ដូចជា សត្វក្រៀល ត្រដក់ធំ ត្រដក់តូច ទុង រនាល និងត្រយងចង្កំកស ជាដើម។

ឯកឧត្តម អភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ កំពុងតែជំរុញការងារលើការអភិរក្ស ស្របនឹងការអភិវឌ្ឍន៍ និងបន្ថែមការផ្សព្វផ្សាយពីសក្ដានុពលតំបន់អេកូទេសចរណ៍ បែបប្រវត្តិសាស្ត្រនេះបន្ថែមទៀត ដើម្បីឲ្យអាចទទួលបាននូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើន, ព្រោះអាងស្ដុកទឹកដ៏ធំនេះ ត្រូវបានប្រើប្រាស់កម្លាំងពលកម្មជាង ៥ ម៉ឺននាក់ក្នុងរបបខ្មែរក្រហម និងបានបន្សល់ទុកនូវប្រព័ន្ធធារាសាស្ត្រដ៏ធំមួយដល់សព្វថ្ងៃ ហើយក្លាយជារមណីដ្ឋានដ៏ល្បីល្បាញមួយប្រចាំខេត្តបន្ទាយមានជ័យ និងជាឧទ្យានុរក្សតំបន់ការពារសត្វស្លាបដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។