អគារទាំង ២០ ដែលខ្ពស់ជាងគេបំផុតលើលោក ក្នុងឆ្នាំ ២០១៩ នេះ!

យើងគ្រប់ៗគ្នាតែងតែចង់ឃើញនូវសំណង់អស្ចារ្យជុំវិញពិភពលោក ដូចជាសំណង់ខ្ពស់ៗរួមមានអគារខ្ពស់បំផុត ស្ពានវែងបំផុត ទីក្រុងធំបំផុតជាដើម ពិសេសគឺយើងចង់ដឹងចង់ឃើញពីអច្ឆរិយភាពនៃការសាងសង់ដែលមនុស្សយើងអាចធ្វើបាន។ ចំពោះផ្នែកអគារខ្ពស់ គឺជាប្រធានបទដែលមានមនុស្សចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារអគារខ្ពស់នីមួយៗគេចំណាយទឹកប្រាក់ច្រើន, ហើយអគារខ្ពស់ក៏បង្ហាញពីភាពអស្ចារ្យនៃទីក្រុងនោះផងដែរ។ នៅក្នុងសតវត្សទី ២០ និងទី ២១ យើងបានឃើញពិភពលោករីកចម្រើនខ្លាំងលើសពីការរំពឹងទុក ព្រោះទីក្រុងនីមួយៗកាន់តែអស្ចារ្យរំលេចទៅដោយអគារខ្ពស់ៗ ហើយទស្សនីយភាពទាំងនោះ បានទាក់ទាញភ្នែកទាំងភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងមនុស្សជាច្រើនឲ្យចង់រស់នៅក្នុងទីក្រុងដ៏ទំនើបទាំងអស់នោះ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្គាល់អគារខ្ពស់ៗបំផុតលើលោកទាំង ២០ ដោយចង់ថាតើមកដល់ពេលនេះ ប្រទេសមួយណាដែលអាចសង់អគារខ្ពស់ជាងគេ?

  • អគារ BurjKhalifa

អស់រយៈពេលជិត ១០ ឆ្នាំមកហើយ អគារ Burj Khalifa នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ ជាអគារខ្ពស់បំផុត ដែលមានកម្ពស់ ៨២៨ ម៉ែត្រ ក្នុងនោះមាន ១៦៣ ជាន់ ស្ថិតនៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម និងចាប់ផ្ដើមសម្ពោធក្នុងឆ្នាំ ២០១០។

  • អគារ ShanghaiTower

កាលពី ៤ ឆ្នាំមុននេះ ប្រទេសចិនក៏បានបានសម្ពោធអគារខ្ពស់បំផុតក្នុងប្រទេសខ្លួនផងដែរ នោះគឺ Shanghai Tower ដែលមានកម្ពស់ ៦៣២ ម៉ែត្រ និងមាន ១២៨ ជាន់ ជាអគារពាណិជ្ជកម្ម និងជាអគារដែលមានកន្លែងមើលទេសភាពខាងក្រៅខ្ពស់ជាងគេ។ វាសម្ពោធនៅក្នុងឆ្នាំ ២០១៥ ស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

  • អគារ Makkah Royal Clock Tower

អគារ Makkah Royal Clock Tower មានកម្ពស់សរុប ៦០១ ម៉ែត្រមានចំនួន ១២០ ជាន់ដែលបានសម្ពោធនៅក្នុងឆ្នាំ ២០១២ នៅទីក្រុង Mecca ប្រទេសអារ៉ាបីសាអ៊ូឌីត។ អគារនេះ វានៅក្បែនឹង Kaaba ជាកន្លែងទីសក្ការៈធំបំផុតរបស់អ្នកកាន់សាសនាអីស្លាម។   

  • អគារ មជ្ឈមណ្ឌលហិរវត្ថុ Ping An

មជ្ឈមណ្ឌលហិរវត្ថុ Ping An ជាអគារដ៏ខ្ពស់មួយទើបបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៧ ស្ថិតនៅក្នុងទីក្រុងឋានសួគ៌នៃបច្ចេកវិទ្យាគឺក្រុង Shenzhen ប្រទេសចិន។ អគារនេះមានកម្ពស់ ៥៩៩ ម៉ែត្រ និងមាន ១១៥ ជាន់។

  • អគារ Goldin Finance 117

នៅប្រទេសចិន មានអគារកប់ពពកមួយទៀតកំពុងត្រៀមបញ្ចប់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ គឺអគារ Goldin Finance 117 នេះឯង វាស្ថិតនៅក្នុងទីក្រុង Tianjin មានកម្ពស់ ៥៩៧ ម៉ែត្រ និងមាន ១២៨ ជាន់។

  • អគារ LotteWorldTower

Lotte World Tower មានកម្ពស់ ៥៥៥ ម៉ែត្រ មានចំនួន ១២៣ ជាន់ ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទើបតែបញ្ចប់ការសាងសង់ឆ្នាំ ២០១៧ ថ្មីៗនេះ និងមានក្រុមហ៊ុនធំៗ សណ្ឋាគារ ជាច្រើននៅក្នុងនោះ។

  • One World Trade Center

យើងបានដឹងរួចមកហើយថា បន្ទាប់ពីអគារពាណិជ្ជកម្មពិភពលោក ឬអគារភ្លោះ នៅទីក្រុងញ៉ូវយ៉ក ត្រូវបានកម្ទេចដោយមហាភារវកម្មនៅថ្ងៃទី ១១ កញ្ញា ២០០១ មក ពេលនេះអគារពាណិជ្ជកម្ម World Trade Center មានតែមួយប៉ុណ្ណោះ ដែលវាមានកម្ពស់ ៥៤២ ម៉ែត្រ មានចំនួន ៩៤ ជាន់ និងបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៤។

  • GuangzhouCTFFinanceCenter

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Guangzhou CTF មានកម្ពស់ ៥៣០ ម៉ែត្រ និងមានចំនួន ១១១ ជាន់ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៦ ស្ថិតនៅក្នុងទីក្រុងគ័ងចូវ ប្រទេសចិន។

  • TianjinCTFFinanceCenter

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Tianjin CTF នេះមានកម្ពស់ ៥៣០ ម៉ែត្រ ដូចអគារនៅក្រុងគ័ងចូវខាងលើនោះដែរ និងមានចំនួន ៩៧ ជាន់។ វានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៩ នេះហើយ ដោយស្ថិតនៅទីក្រុង Tianjin ប្រទេសចិន ជា​មួយអគារ Goldin Finance 117 ដែលជាអគារខ្ពស់លំដាប់លេខ ៥ លើពិភពលោកផងដែរ។

  • CITICTower

អគារ CITIC Tower មានកម្ពស់ ៥២៨ ម៉ែត្រ មានចំនួន ១០៩ ជាន់ ស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ទើបតែបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០១៨ ថ្មីៗនេះទេ។

  • TAIPEI 101

អគារខ្ពស់បំផុត និងលេចធ្លាបំផុតនៅទីក្រុងតៃប៉ិ គឺអគារ TAIPEI 101 នេះឯង ដោយឈ្មោះវាគឺបង្ហាញចំនួនជាន់ ដូចនេះអគារនេះមានចំនួន ១០១ ជាន់និងកម្ពស់សរុប ៥០៨ ម៉ែត្រ បានបើកដំណើរការកាលពីឆ្នាំ ២០០៤ វាក៏បានជាប់ឈ្មោះជាអគារធម្មជាតិ Greenest Tower ដែលខ្ពស់ជាងគេផងដែរ។

  • ShanghaiWorldFinancialCenter

អគារ Shanghai World Finance Center មានកម្ពស់ ៤៩២ ម៉ែត្រ មានចំនួន ១០១ ជាន់ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០០៨ ស្ថិតនៅទីក្រុងសៀងហៃប្រទេសចិន។

  • InternationalCommerceCenter

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ស្ថិតនៅទីក្រុងហុងកុង វាមានកម្ពស់សរុប ៤៨៤ ម៉ែត្រ និងមានចំនួន ១០៨ ជាន់ បើកសម្ពោធក្នុងឆ្នាំ ២០១០។

  • WuhanGreenlandCenter

អគារមួយនេះ ស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ប៉ុន្តែកំពូលរបស់អគារនេះខ្ពស់លំដាប់ទី ១៤ ទៅហើយ។ Wuhan Greenland Center មានកម្ពស់ ៤៧២ ម៉ែត្រ មានចំនួន ៩៦ ជាន់ ស្ថិតនៅទីក្រុង Wuhan ប្រទេសចិន។

  • LakhtaCenter

អគារ Lakhta Center មានកម្ពស់សរុប ៤៦២ ម៉ែត្រ និងមានចំនួន ៨៧ ជាន់ វានឹងសម្ពោធក្នុងឆ្នាំ ២០១៩ នេះហើយ ដែលទីតាំងស្ថិតនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

  • Vincom Landmark 81

អគារ Vincom Landmark 81 មានកម្ពស់សរុប ៤៦១ ម៉ែត្រ និងមានចំនួន ៨១ ជាន់ វាទើបតែបើកដំណើរការកាលពីឆ្នាំ ២០១៨ ថ្មីៗនេះ ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

  • Changsha IFS Tower T1

អគារ Changsha Tower នេះមានកម្ពស់សរុប ៤៥២ ម៉ែត្រ និងមានចំនួន ៩៤ ជាន់ ទើបបញ្ចប់ការសាងសង់ឆ្នាំ ២០១៨ ថ្មីៗនេះដែរ មានទីតាំងនៅទីក្រុង Changsha ប្រទេសចិន។

  • The Exchange 106

អគារ The Exchange 106 នេះត្រៀមបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៩ នេះ ដែលមានកម្ពស់សរុប ៤៥២ ម៉ែត្រ ដូចអគារខាងលើនោះដែរ និងមានចំនួន ៩៧ ជាន់ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

  • PetronasTwinTower

អគារខ្ពស់បំផុតទី ១៩ និងទី ២០ គឺអគារភ្លោះ Petronas Twin Tower នេះហើយ ដែលមានកម្ពស់សរុប ៤៥២ ម៉ែត្រដូចអគារ ២ ខាងលើដែរ និងមានចំនួន ៨៨ ជាន់ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបើកដំណើរការតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ វាក៏ធ្លាប់ជាអគារខ្ពស់ជាងគេលើលោកផងដែរ កាលពីបើកដំបូង។

ជាសរុបមកវិញ នៅក្នុងចំណោមអគារខ្ពស់បំផុតលើលោកទាំង ២០ ដែលទើបតែអាប់ដេតក្នុងឆ្នាំ ២០១៩ នេះយើងឃើញថា មានអគារជាច្រើនកំពុងប្រជែងគ្នា បង្ហាញអំពីមហិច្ឆតារបស់ខ្លួន និងបង្ហាញអំពីភាពរីកចម្រើននៃទីក្រុងរបស់ខ្លួនផងដែរ។ ប៉ុន្តែគួរឲ្យចាប់អារម្មណ៍បន្ដិចដែរថា អគារខ្ពស់បំផុតទាំង ២០ នៅលើពិភពលោក គឺមានអគារ ១០ ទៅហើយ ស្ថិតក្នុងប្រទេសចិន។ អញ្ចឹងយើងអាចដឹងបានហើយថា ប្រទេសមួយនេះមានភាពរីកចម្រើនខ្លាំងមែនទែនទៅលើផ្នែកសំណង់ លើសពីនេះក្រុមហ៊ុនសំណង់ធំៗទាំង ១០ នៅលើពិភពលោក មានក្រុមហ៊ុនចិនចំនួន ៧ ទៅហើយ។