លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ដើម្បីជំរុញឲ្យការនាំចេញវិស័យស្រូវអង្ករកម្ពុជា កាន់តែប្រសើរឡើង សហព័ន្ធស្រូវអង្ករបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតទៅលើការជ្រើសរើសពូជ ដើមទុន ទីផ្សារក្នុងនិងក្រៅប្រទេស ហើយក្រុមសមាជិកនឹងបន្ដការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងរៀបចំវេទិកាក្នុងការអភិវឌ្ឍន៍គុណភាពស្រូវអង្ករកម្ពុជា ។
គូសបញ្ជាក់ថា រយៈពេល ៦ ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង ៤០ ម៉ឺនតោន ហើយរាជរដ្ឋាភិបាលបានដាក់ផែនការកំណត់ការនាំចេញស្រូវអង្ករឲ្យបាន ១ លានតោន/ឆ្នាំ។ ក្នុងនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញយុទ្ធសាស្ត្រ ៦ ចំណុចរួមមាន៖
១. យុទ្ធសាស្ត្រទីផ្សារក្នុងស្រុក៖ សហព័ន្ធស្រូវអង្ករនឹងបង្កើតកិច្ចសន្យាកសិកម្មជូនកសិករ
២. ទីផ្សារនាំចេញ៖ ប្រទេសដែលជាទីផ្សារដ៏ធំរបស់យើងគឺចិន ដែលបានចរចាទិញអង្ករពីកម្ពុជា ៤០ ម៉ឺនតោន ដូចនេះយើងនឹងចង់បានការនាំចេញពូជល្អ ដែលអាចមានទីផ្សារកាន់តែខ្ពស់។
៣. ការកែច្នៃ៖ សហព័ន្ធនឹងខិតខំសិក្សាស្រាវជ្រាវ និងកៀងគរវិនិយោគទុន ដើម្បីវិនិយោគទៅលើការកែច្នៃកសិផលដែលសល់ពីការកែច្នៃអង្ករ។
៤. បច្ចេកវិទ្យាថ្មី៖ សហព័ន្ធចង់រៀបចំមានបច្ចេកវិទ្យាជាចង្វាកផលិតកម្ម ដែលមានចាប់ពីកសិករ ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាព។
៥. កាត់បន្ថយថ្លៃដើម៖ សហព័ន្ធនឹងពិនិត្យលើកំណែទម្រង់លើបញ្ហាលើកដាក់ ដឹកជញ្ជូន ដើម្បីកាត់បន្ថយការចំណាយ ឲ្យមានតម្លាភាព អាចបម្រើដល់កសិករ និងតម្លៃលក់។
៦. ផ្ដល់កម្ចីហរិញ្ញប្បទាន៖ សហព័ន្ធនឹងផ្ដល់កម្ចីវិនិយោគលើវិស័យកសិកម្មនេះ សំដៅលើកសិករសព្វថ្ងៃនេះ ដើម្បីពង្រីកផលិតកម្មរបស់ពួកគាត់បាន។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ផែនការសំខាន់ៗដែលសហព័ន្ធស្រូវអង្ករបង្កើតឡើងនេះ ជាផែនការបន្ទាន់មួយដើម្បីឆ្លើយតបនឹងស្ថានភាព និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផ្ដោតទៅលើការនាំចេញអង្ករឲ្យបាន ១ លានតោនក្នុងមួយឆ្នាំ ជាពិសេសគឺរួមចំណែកលើកទឹកចិត្តដល់ប្រជាកសិករ និងអាជីវករក្នុងស្រុក ដែលបានអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅនាំចេញស្រូវអង្ករ ១ លានតោន/ឆ្នាំ នៅតែជាអាទិភាពរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទីផ្សារស្រូវអង្កររបស់ប្រជាកសិករ។ សម្ដេចតេជោបន្ថែមថា កម្ពុជាគឺជាប្រទេសតូចដែលកសិកម្មមិនទាន់លូតលាស់ ប៉ុន្តែសល់ស្រូវជាង ៦ លានតោន ក្នុងនោះបើគិតជាអង្ករសល់ជាង ៤ លានតោន។