ជាធម្មតាទេ នៅក្នុងជីវិតការងារ វាមិនងាយស្រួលឡើយ។ គ្រប់យ៉ាងតែងតែមិនថិតថេរ តែងតែប្រឈមមុខជាមួយនឹងរឿងជាច្រើន ដែលពិបាកក្នុងការសម្រេចចិត្ត និងដោះស្រាយ។
មនុស្សភាគច្រើនលាឈប់ពីការងារខ្លួនឯង ដោយសារតែមានកត្តាជាច្រើនដូចជា មានបញ្ហាជាមួយនឹងមិត្តរួមក្រុម មានបញ្ហាជាមួយនឹងបុគ្គលិកផ្សេងៗ ធុញទ្រាន់ជាមួយការងារ មិនអាចទ្រាំទ្រនឹងទំនួលខុសត្រូវរបស់ការងារ និងខ្លះទៀតក៏ព្រោះតែ ចង់បានប្រាក់ខែកាន់តែច្រើន និងប្តូរទៅកាន់ក្រុមហ៊ុនផ្សេងដែល ផ្តល់ប្រាក់ខែដែលច្រើនជាងក្រុមហ៊ុនចាស់។
ប៉ុន្តែបើសិនជាអ្នកមានបំណង សុំលាឈប់ទៅកាន់ក្រុមហ៊ុនថ្មី ដោយសារតែចង់បានប្រាក់ខែច្រើននោះ អត្ថបទនេះអាចជាជំនួយអាចឲ្យអ្នកពិចារណាឡើងវិញបាន។
I. គិតឲ្យបានច្បាស់មុននឹងប្តូរទៅកាន់ក្រុមហ៊ុនថ្មី
បើសិនជាអ្នក កំពុងតែស្ថិតនៅក្នុងក្រុមហ៊ុន ឬកន្លែងធ្វើការ ដែលមានមនុស្សឬបុគ្គលិកផ្សេងៗ គោរពនិងផ្តល់តម្លៃឲ្យគ្នា មានទំនួលខុសត្រូវ មានភាពរហ័សរហួន ក៏ដូចជាមានមិត្តរួមក្រុម សហការគ្នាក្នុងការបំពេញការងារបានយ៉ាងល្អហើយ ប៉ុន្តែអ្នកកំពុងតែមានបំណងលាឈប់ និងប្តូរទៅកាន់ក្រុមហ៊ុនថ្មីទៅវិញ អ្នកគួរតែគិតម្តងទៀតទៅលើចំណុចជាច្រើនជាមុនសិន:
- កន្លែងការងារថ្មីផ្តល់ប្រាក់ខែច្រើន? តើអ្នកស្គាល់ក្រុមហ៊ុនថ្មីនោះបានច្បាស់ដែរទេ? តើការងារដែលអ្នកនឹងត្រូវធ្វើនោះយ៉ាងម៉េចដែរ? មានពេលសម្រាកគ្រប់គ្រាន់ និងងាយស្រួលជាងការងារដែលអ្នកកំពុងធ្វើឬយ៉ាងណា? តើការងារថ្មីនោះ អាចនឹងផ្តល់អារម្មណ៍ផាសុកភាពដល់អ្នកទេ? តើអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
- ឋានៈ និងតួនាទី: ជាទូទៅក្រុមហ៊ុនដែលអ្នកកំពុងធ្វើនេះ អ្នកធ្វើការយូរមកហើយ អ្នកកំពុងមានតួនាទីជា ប្រធានក្រុមផ្នែកណាមួយ អ្នកយល់បែបបទគ្រប់យ៉ាងនៃការងាររបស់អ្នក ព្រមទាំងមានសមាជិកក្រុមនៅក្រោមបង្គាប់ផងដែរ។ ចុះបើចុះទៅក្រុមហ៊ុនថ្មី តើឋានៈអ្វីដែលអ្នកនឹងទទួលបាន? ជាបុគ្គលិកថ្នាក់ទាបដំបូង ឬត្រូវនៅក្រោមបង្គាប់មនុស្សជាច្រើន? តើអ្នកយល់ពីបែបបទនៃការងារថ្មីរបស់អ្នកបានកម្រិតណា?
- បរិស្ថាន: តើក្រុមហ៊ុនថ្មីនោះ សម្បូរទៅដោយមនុស្សប្រភេទណា? តើអ្នកអាចសម្របខ្លួនបានដល់កម្រិតណា?
- ចំណង់ចំណូលចិត្ត និងជំនាញ: តើអ្នកស្រឡាញ់ការងារមួយណាឲ្យប្រាកដ? តើអ្នកមានជំនាញសម្រាប់ការងារថ្មីទេ? គិតឡើងវិញ បើសិនជាអ្នកលាឈប់ គឺលាឈប់ហើយ អ្នកមិនអាចនឹងមាន ឱកាសត្រឡប់ចូលមកវិញទេ!!
II. ថ្នាក់ដឹកនាំរបស់អ្នកបច្ចុប្បន្នជាមនុស្សដែល៖
1. គាត់ជាមនុស្សចេះបន្ទាបខ្លួន មិនក្រអឺត
ជាធម្មតាទៅហើយ សម្រាប់ពូជជាអ្នកដឹកនាំ ពួកគាត់គឺជាមនុស្សដែលតែងតែប្រកាន់ខ្លួនថាត្រូវ និងភាគច្រើនមិនងាយខុសជានិច្ច។ អ្វីដែលពួកគាត់និយាយមកកាន់អ្នកគឺជាបញ្ជា ពួកគាត់ភាគច្រើន ចង់បានអ្វីដែលជាលទ្ធផលនិងត្រឹមត្រូវ និងមិនសូវចេះស្តាប់ការបកស្រាយឡើយ។ ប៉ុន្តែបើ មេរបស់អ្នកជាមនុស្សប្រភេទ “ចេះបន្ទាបខ្លួន” គឺពិតជាល្អណាស់ គាត់ដឹង ហើយពូកែគ្រប់យ៉ាងហើយ ប៉ុន្តែគាត់មិនដែលអួតពីខ្លួនគាត់ឡើយ គាត់ធ្វើខ្លួនបែបសាមញ្ញ និងមិនស្តីបន្ទោសផ្តេសផ្តាសឡើយ។ ចៅហ្វាយនាយបែបនេះហើយ ទើបបុគ្គលិកហ៊ានសារភាពកំហុសរបស់ខ្លួន នៅពេលធ្វើខុស ព្រមទទួលការកែប្រែនូវកំហុសដើម្បីអភិវឌ្ឍខ្លួន និងឲ្យបុគ្គលិកធ្វើការដោយគ្មានសំពាធឡើយ។
2. គាត់ជាមនុស្សដែលបង្ហាញពីការយកចិត្តទុកដាក់ដល់អ្នកដទៃ និងមានហេតុផល
បើសិនជាអ្នកមានមេ បែបនេះនៅកន្លែងធ្វើការ ពិតជាល្អណាស់ ព្រោះគាត់យល់ពីដែនការងារច្បាស់លាស់ មិនកំណត់ទៅលើមធ្យោបាយក្នុងការធ្វើការរបស់អ្នក ផ្តល់សិទ្ធិឲ្យអ្នកបំពេញការងារទៅតាមរបៀបរបស់អ្នក ព្យាយាមកែសម្រួល និងតែងតែសួរអ្នកថា “ការងាររបស់ប្អូនយ៉ាងម៉េចដែរហើយ? វាពិបាកទេ? បើសិនជាពិបាកប្អូនអាចសួរបងបាន។” មិនតែប៉ុណ្ណោះ គាត់ជាមនុស្សដែលមានហេតុផល ចេះផ្តល់តម្លៃ និង Credit បានន័យថាគាត់មិនយកមុខ និងកេងប្រយោជន៍ពីអ្នកឡើយ បើសិនជាអ្នកបំពេញការងារបាន គាត់នឹងបង្ហាញអ្នកដទៃតែម្តង ថាអ្នកមានស្នាដៃ និងពូកែអាចបំពេញការងារបានល្អ។
3. គាត់ប្រកាន់ខ្ជាប់អំពីភាពសុចរិតគ្រប់ពេល
បានន័យថា គាត់ធ្វើការងាររបស់គាត់ច្បាស់លាស់ និងដោយបើកចំហរ ហើយអ្វីដែលគាត់និយាយជាមួយអ្នកគ្រប់យ៉ាង គាត់នឹងធ្វើ គាត់មិនកែប្រែឡើយ។ គាត់គ្មានអ្វីលាក់ជាមួយអ្នកឡើយ គាត់ប្រកាន់ខ្ជាប់ពីប្រយោជន៍រួម និងអំពើល្អត្រឹមត្រូវ ព្រមទាំងសច្ចធម៌ ខុសថាខុស ត្រូវថាត្រូវ។
4. ចៅហ្វាយនាយ ដែលចាត់ទុកបុគ្គលិកជាដៃគូពាណិជ្ជកម្ម
អារម្មណ៍យ៉ាងណាដែរនៅពេល ដែលអ្នកមិនត្រូវបានចាត់ទុកជាកូនចៅថ្នាក់ទាប ប៉ុន្តែបានក្លាយជាដៃគូរបស់គាត់ទៅវិញ? គាត់ជាមនុស្សដែលផ្តល់តម្លៃ និងសិទ្ធិទៅដល់មនុស្សគ្រប់រូប រួមទាំងបុគ្គលិករបស់គាត់ផងដែរ។ គាត់ជាអ្នកធ្វើជំនួញក្រុមហ៊ុន អ្នកដែលពាក់ព័ន្ធ និងធ្វើវាជាមួយគាត់ សុទ្ធតែជាដៃគូទាំងអស់។ គាត់ធ្វើបែបនេះពិតជាល្អណាស់ ព្រោះវាជាការធ្វើឲ្យបុគ្គលិកបង្កើនភាពស្មោះត្រង់ជាមួយគាត់កាន់តែខ្លាំង។ វាគឺជាផ្នែកមួយដែលកម្រមាននៅលើមេដឹកនាំ ណាមួយណាស់។ ប៉ុន្តែបើមេរបស់អ្នក ជាមនុស្សបែបនេះ អ្នកពិតជាសំណាងហើយ។
5. គាត់ចេះផ្តល់រង្វាន់លើកទឹកចិត្តទៅលើបុគ្គលិកមានស្នាដៃ និងផ្តល់ប្រយោជន៍មួយចំនួនទៅដល់ពួកគេ
អ្នកដែលខំធ្វើការមានស្នាដៃ ពិតណាស់ត្រូវសាកសមនឹងទទួលបានរង្វាន់ ដែលចៅហ្វាយរបស់អ្នក នឹងផ្តល់រង្វាន់ពិតមែន។ ការធ្វើបែបនេះ នឹងជម្រុញទឹកចិត្តឲ្យបុគ្គលិកព្យាយាមធ្វើការទាំងសប្បាយចិត្ត មិនខ្លាចនឿយហត់ផងដែរ។ វាសមតុល្យនឹងអ្វីដែលអ្វីដែលពួកគេខំបំពេញការងារ រហូតដល់ពេលមានស្នាដៃច្រើន នឹងត្រូវបានឡើងទាំងឋានៈនិងប្រាក់ខែ។
សរុបជារួមទៅ យើងអាចនិយាយបានថា “លុយ” វាពិតជាសំខាន់សម្រាប់មនុស្ស ក៏ដូចជាបុគ្គលិកទូទៅ។ ប៉ុន្តែ “លុយ” ក៏អ្នកអាចរកបានតាមក្រោយដែរ កន្លែងការងារ និងមេដឹកនាំល្អទេ ដែលអ្នកពិបាករកបំផុត។ មុននឹងចង់លាឈប់ និងប្តូរទៅកន្លែងផ្សេងដែលផ្តល់លុយបានច្រើនជាង សូមគិតឲ្យបានច្បាស់ជាមុនសិន ហើយបើសិនជាចៅហ្វាយនាយ ឬមេដឹកនាំរបស់អ្នកមានចំណុចទាំង 5 ដែលបានបង្ហាញនៅខាងលើនេះមែន អ្នកគប្បីមិនត្រូវលាឈប់ និងចាកចេញពីគាត់ឡើយ ព្រោះទៅថ្ងៃខាងមុខ គាត់នឹងផ្តល់ឲ្យអ្នកបានច្រើនជាងអ្វីដែលអ្នកគិតដល់ ហើយព្រមទាំងអាច ធ្វើការនៅក្នុងបរិស្ថានល្អ និងគ្មានសំពាធផ្លូវចិត្តទៀតផង។