ស្ទឹងព្រែកត្នោត នឹងត្រូវស្ដារឡើងវិញនៅឆ្នាំក្រោយ ដើម្បីកាត់បន្ថយបញ្ហាជន់លិចរាជធានីភ្នំពេញ!

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងសិក្សាពីលទ្ធភាពដើម្បីស្ដារស្ទឹងព្រែកត្នោតឡើងវិញ នៅក្នុងឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនចិន ដើម្បីជាច្រកទ្វារទឹកយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ និងការស្ដុកទឹកប្រើប្រាស់សម្រាប់បម្រើដល់វិស័យកសិកម្មផង។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ១១ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ចាន់ យុត្ថា បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ រាជធានីភ្នំពេញ ទទួលរងនូវសម្ពាធទី៣ បណ្ដាលឲ្យមានជំនន់ទឹកភ្លៀង ហើយមានជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោតផងដែរ។ ជំនន់ស្ទឹងព្រែកត្នោតនេះ តែងមានការគំរាមកំហែងដល់រាជធានីភ្នំពេញ ដោយបរិមាណទឹករហូតដល់ ១,២០០ ម៉ែត្រគូប/វិនាទី ចំណែកសមត្ថភាពរំដោះទឹកផ្នែកខាងក្រោមបានរួមតូច និងមានបញ្ហាគោករាក់ ទើបពិបាកក្នុងការរំដោះទឹកចេញ ដែលកាលពីមុនយើងអាចរំដោះចេញទៅកាន់ខេត្តកណ្ដាល និងមួយផ្នែកទៀតទៅតំបន់ព្រៃស ធ្លាក់ចូលទៅបឹងជើងឯក ហើយបឹងជើងឯកធ្លាក់ទៅទន្លេបាសាក់ និងមួយផ្នែកទៀតអាចរំដោះទឹកតាមព្រែកកំពឹស។ 

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រសួងធនធានទឹក នឹងចរចារជាមួយក្រុមហ៊ុនចិនអំពីតម្លៃ នឹងអាចរៀបចំស្ដារឡើងវិញនៅដើមឆ្នាំក្រោយ ដើម្បីកាត់បន្ថយជំនន់ទឹករបស់ស្ទឹងព្រែកត្នោតនេះ ណាមួយដើម្បីជាអាងស្ដុកទឹកសម្រាប់ស្រោចស្រពដីកសិកម្មប្រណាម ១ ម៉ឺនហិកតាផងដែរ ចំណែករយៈពេលនេះការស្ដារនេះ អាចនឹងចំណាយពេលខ្ទង់ ៣០ ខែ។ 

សូមបញ្ជាក់ផងដែរថា ស្ទឹងព្រែកត្នោត គឺជាស្ទឹងដ៏វែងមួយក្នុងប្រទេសកម្ពុជា គិតចាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល រហូតទៅដល់តំបន់ជួរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រំទល់ខេត្តកោះកុងឯណោះ និងអាចមានផ្លូវទឹកហូរចាក់ចូលទន្លេរបាសាក់ តាមរយៈព្រែកកំពឹស។