ក្រុមហ៊ុន Axiata Group ដែលមិត្តអ្នកអានទាំងអស់គ្នា ធ្លាប់បានស្គាល់មកហើយ គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្ដល់សេវាឌីជីថលដ៏ធំ របស់ប្រទេសម៉ាឡេស៊ី និងបានវិនិយោគមកដល់ប្រទេសកម្ពុជាយើងផងដែរ។ នៅត្រីមាសទី ២ ឆ្នាំ ២០១៩ ក្រុមហ៊ុន Axiata ហាក់មានមហិច្ឆតាធំជាងមុន ដោយថ្មីៗនេះ ក្រុមហ៊ុន Mitsui & Co Ltd របស់ប្រទេសជប៉ុន ទើបតែបានទិញភាគហ៊ុនមួយផ្នែកតូច ចូលរួមជាមួយក្រុមហ៊ុន Axiata ចំណែកពេលនេះ ក្រុមហ៊ុន Telenor របស់ប្រទេស Norway បានសហការជាមួយ Axiata ទៀត ដើម្បីបង្កើនឥទ្ធិពលក្នុងការវិនិយោគបណ្ដាញទូរគនាគមន៍ឲ្យបានពាសពេញទ្វីបអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយនឹងក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅអាស៊ី (ដោយលើកលែងក្រុមហ៊ុនរបស់ប្រទេសចិន និងជប៉ុនចេញ)។

បើយោងតាមរបាយការណ៍របស់ Axiata បច្ចុប្បន្នក្រុមហ៊ុននេះ បម្រើសេវាកម្មបណ្ដាញដល់អតិថិជនជាង ៣០០ លាននាក់នៅអាស៊ីអាគ្នេយ៍ និងកំពុងរីកចម្រើនជាបន្ដរបន្ទាប់។ ចំណែកឯការចូលរួមជាមួយក្រុមហ៊ុន Telenor នោះភាគហ៊ុនរបស់ក្រុមហ៊ុនសរុបឡើងដល់ ៤០ ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយនៅអាស៊ី។ ចំណែកភាគហ៊ុនគឺដ៏ធំនេះ គឺត្រូវបែងចែកទៅក្រុមហ៊ុន Telenor ចំនួន ៥៦.៥% គ្រប់គ្រងដោយ Norway និង Axiata មានចំនួន ៤៣.៥% គ្រប់គ្រងដោយម៉ាឡេស៊ី។ ដូចនេះធ្វើឲ្យអតិថិជនរបស់ក្រុមហ៊ុនទាំង ២ ឡើងដល់ជិត ១ ពាន់លាននាក់ឯណោះ ដោយក្រុមហ៊ុន Telenor មានទីផ្សារធំនៅប្រទេសថៃ ម៉ាឡេស៊ី បង់ក្លាដេស បាគីស្ថាន និងឥណ្ឌូនេស៊ី អញ្ចឹងវាត្រៀមនឹងប្រកួតប្រជែង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំនៅក្នុងតំបន់ដូចជា Celcom និង Digi ហើយក្រុមហ៊ុនរបស់សិង្ហបុរី Singapore Telecommunications Ltd. ជាដើម។

គួរបញ្ចាក់ដែរថា ក្រុមហ៊ុន Telenor មានការកែប្រែគោលនយោបាយរបស់ខ្លួនច្រើន ដោយកាលពីឆ្នាំទៅ ទើបតែលក់ភាគហ៊ុនទៅក្រុមហ៊ុនជំនួញមួយចំនួននៅអឺរ៉ុប ប៉ុន្តែបានចាប់អារម្មណ៍វិនិយោគនៅអាស៊ីវិញ ហើយខែមុនក៏បានទិញភាគហ៊ុនក្រុមហ៊ុន DNA របស់ប្រទេស Finland ជាង ១.៧ ពាន់លានដុល្លារផងដែរ។

ចំណែកឯកិច្ចសហប្រតិបត្តិការណ៍ជាមួយ Axiata នេះវិញ ក្រុមហ៊ុន Telenor នឹងត្រៀមសាងសង់អង់តែនទូរគមនាគមន៍ចំនួន ៦០,០០០ បន្ថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងនៅពាសពេញតំបន់អាស៊ីតែម្ដង និងឈានដល់ការអភិវឌ្ឍន៍ប្រព័ន្ធអ៊ីធើណេតដំណាក់កាលពី ៥ (5G LTE) ជាដើម។ យ៉ាងណាមិញ បើតាមការព្យាករណ៍ក្នុងកិច្ចសហប្រតិបត្តិការណ៍នេះ ក្រុមហ៊ុនទាំង ២ រំពឹងទៅលើប្រាក់ចំណូលជាមធ្យមប្រហែល ១៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាចំនួនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ត្រៀមលេចត្រដែតទៅលើឆាកអន្ដរជាតិប្រជែងជាមួយក្រុមហ៊ុនចិន និងជប៉ុនផងដែរ។