វាលខ្សាច់សាហារ៉ា ដែលយើងគ្រប់គ្នាសុទ្ធតែបានស្គាល់ គឺជាតំបន់វាលក្ដៅមានទំហំធំជាងគេនៅលើពិភពលោក ហើយគេចាត់ទុកវាថាជាសមុទ្រខ្សាច់ក្ដៅធំបំផុត បន្ទាប់ពីសមុទ្រទឹកកកអង់តាកតិច និងសមុទ្រទឹកកកអាកទិច។ ប៉ុន្តែតើអ្នកដឹងទេថាវាលខ្សាច់សាហារ៉ា មានទំហំធំប៉ុណ្ណា? តើពត៌មានអ្វីខ្លះទៀត ដែលអ្នកបានដឹងពីវា? យើងនឹងមកស្វែងយល់ចំណុចសំខាន់ៗរបស់វាក្នុងអត្ថបទនេះ។

១. ពន្យល់ពាក្យ Sahara Desert
ជាដំបូងសូមបញ្ជាក់ថា ពាក្យ Desert ក្នុងភាសាអង់គ្លេស ពុំមែនត្រឹមតែមានន័យថាវាលខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានន័យថាតំបន់វាលរហោដ្ឋាន ជាទីតាំងភូមិសាស្ត្រដែលគ្មានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់តិចតួចបំផុត ហើយស្ទើរតែគ្មានរុក្ខជាតិដុះលូតលាស់ និងមិនអាចធ្វើកសិកម្មបានឡើយ ដូចជា តំបន់សមុទ្រទឹកកកអង់តាកទិច (Antarctica Desert), តំបន់វាលខ្សាច់អារ៉ាប់ (Arabian Desert), តំបន់វាលស្មោង (Great Victoria Desert) នៅប្រទេសអូស្ត្រាលី ជាដើម។ អញ្ចឹងក្នុងអត្ថបទនេះ យើងសុំប្រើពាក្យថា តំបន់វាលសាហារ៉ា (Sahara Desert) ដែលក្ដោបយកន័យទាំងមូល ហើយពាក្យ Sahara នេះគឺមានប្រភពដើមចេញមកពីភាសាអារ៉ាប់ មានន័យថា Desert ឬតំបន់វាលខ្សាច់។

២. ភូមិសាស្ត្រនៃសណ្ឋានដី
ប្រសិនបើលោកអ្នកមើលនៅក្នុង Google Earth ឬ Google Maps (Satellite) នៅភាគខាងជើងទ្វីបអាហ្វ្រិច យើងនឹងបានឃើញថា ផ្នែកខាងលើស្ទើរតែ ១ ភាគ ៣ នៃទ្វីបនេះគឺជាវាលរហោដ្ឋាន នោះហើយគឺជាតំបន់វាលសាហារ៉ា ដែលយើងអាចស្រមៃបានថាទីនោះ មានអាកាសធាតុបែបណា ក្សត់រុក្ខជាតិបៃតងយ៉ាងណា និងមានសណ្ឋានដីយ៉ាងណាខ្លះ។ តំបន់វាលសាហារ៉ានេះ មានសណ្ឋានដីផ្សេងៗរួមបញ្ចូលគ្នា ដូចជា៖ តំបន់វាលខ្សាច់, តំបន់គ្រួសថ្ម, ខ្ពង់រាបថ្មខ្សាច់, តំបន់ជ្រលងថ្មដែលមានកម្ពស់ដល់ជាង ១៥០ ម៉ែត្រ, តំបន់ស្ងួត -ល-។

៣. ទំហំនៃតំបន់វាលសាហារ៉ា
តំបន់វាលសាហារ៉ា មានទំហំប្រហាក់ប្រហែលនឹងផ្ទៃដីនៃសហរដ្ឋអាមេរិចទាំងមូល រាប់បញ្ជូលទាំងរដ្ឋអាឡាស្កា និងកោះហាវ៉ៃផងដែរ ដោយមានផ្ទៃដីសរុបប្រមាណ ៩.៤ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងចាប់ពីតំបន់មជ្ឈឹមបូព៌ា រហូតដល់មហាសមុទ្រអាត្លង់ទិច ឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិច រួមមាន៖ ប្រទេសអាល់ហ្សេរី, ប្រទេសឆាដ, ប្រទេសអេស្ស៊ីប, ប្រទេសលីប៊ីយ៉ា, ប្រទេសម៉ាលី, ប្រទេសម៉ូរីតានី, ប្រទេសម៉ារ៉ុក, ប្រទេសនីហ្សេរី, ប្រទេសស៊ូដង់, និងប្រទេសទុយនីស៊ី។ ព្រំប្រទល់នៃតំបន់វាលសាហារ៉ា រួមមានដូចជា៖ ភាគខាងជើង ជាប់នឹងសមុទ្រមេឌីទែរ៉ានេ, ភាគខាងត្បូង ជាប់នឹងតំបន់វាលស្មោង Sahel Savannah ដែលមានទំហំជាង ៣ លានគីឡូម៉ែត្រការ៉េ ជាវាលស្មោងធំបំផុតនៅទ្វីបអាហ្វ្រិច, ភាគខាងលិច ជាប់នឹងមហាសមុទ្រអាត្លង់ទិច, ចំណែកខាងកើតជាប់នឹងសមុទ្រក្រហមនៃចក្រភពអារ៉ាប់។

៤. វាលខ្សាច់សាហារ៉ា
តំបន់វាលសាហារ៉ា សម្បូរទៅដោយតំបន់វាលខ្សាច់ច្រើនជាងគេ ពោលគឺធំជាងតំបន់គ្រួស និងតំបន់ជ្រលងថ្ម -ល- វាលខ្សាច់នៅតំបន់សាហារ៉ានោះ មានទំហំប្រមាណ ១០% ធៀបនឹងផ្ទៃដីនៃទ្វីបអាហ្វ្រិចទាំងមូល ពោលវាលខ្សាច់នៅតំបន់វាលសាហារ៉ា គឺជាវាលខ្សាច់ដ៏ធំជាងគេបំផុតនៅលើពិភពលោក ទើបយើងនិយមស្គាល់ថា «វាលខ្សាច់សាហារ៉ា»។

៥. ការកកើតតំបន់វាលសាហារ៉ា
តើអ្នកដឹងទេថា តំបន់វាលសាហារ៉ា ធ្លាប់ជាតំបន់ត្រូពិកធម្មតាមួយ ដែលមានរុក្ខជាតិដុះលូតលាស់ និងទទួលរបបទឹកភ្លៀងយ៉ាងទៀងទាត់ កាលពីប៉ុន្មានសែនឆ្នាំមុន។ ប៉ុន្តែកត្តាបម្រែបម្រួលនៃអ័ក្សរង្វិលផែនដីប៉៉ះពាល់ដល់ការទទួលរបបខ្យល់មូសុងទឹកភ្លៀង បានធ្វើឲ្យតំបន់មួយនេះក្លាយទៅជាវាលរហោដ្ឋាន ហើយការទង្គិចនឹងកម្លាំងខ្យល់បក់ស្ងួតរាប់មឺុនសែនឆ្នាំ ទើបបណ្ដាលឲ្យសណ្ឋានដីតំបន់នេះក្លាយទៅជាវាលខ្សាច់ដ៏ធំបំផុតនៅលើពិភពលោក។

៦. អាកាសធាតុនៅតំបន់វាលសាហារ៉ា
សីតុណ្ហភាពនៅតំបន់វាលសាហារ៉ា បានប្រែប្រួលយ៉ាងខ្លាំងបើធៀបទៅនឹងប៉ុន្មានពាន់ឆ្នាំមុន ជាក់ស្ដែងអ្នកវិទ្យាសាស្ត្របានរកឃើញថា តំបន់សាហារ៉ា កាលពីចន្លោះ ៨,០០០ ទៅ ៦,០០០ ពាន់ឆ្នាំមុនគ្រឹស្ដរាជ តំបន់នៃមានអាកាសធាតុត្រជាក់ជាងបច្ចុប្បន្ន ដោយសារតែកាលពីមុនតំបន់ទឹកកកនៅភាគខាងជើង បានរលាយនិងជះឥទ្ធិពលដល់របបខ្យល់មូសុង មកដល់ទ្វីបអាហ្វ្រិច។ ប៉ុន្តែសព្វថ្ងៃនេះ តំបន់វាលសាហារ៉ា ជាតំបន់ក្ដៅខ្លាំងបំផុត ដែលមានសីតុណ្ហភាពទាបបំផុតចាប់ពី ៣០ ទៅ ៣៨ អង្សាសេ ចំណែករដូវក្ដៅបំផុតអាចឡើង ៥០ អង្សាសេ ហើយនៅតំបន់ Aziziyah ប្រទេសលីប៊ីយ៉ា ធ្លាប់មានសីតុណ្ហភាពឡើងខ្ពស់រហូតដល់ ៥៨ អង្សាសេឯណោះ។

៧. មនុស្សសត្វ សត្វ និងភាវរស់ ដែលរស់នៅតំបន់វាលសាហារ៉ា
តំបន់វាលសាហារ៉ា ត្រូវបានគេជឿថា មានមនុស្សរស់នៅចាប់តាំងពី ៦,០០០ ឆ្នាំមុនគ្រឹសរាជ បន្ទាប់មកក៏មានពួកអម្បូរជនជាតិដើម Phoenician, ពួកអេហ្ស៊ីប, ក្រិច, និងអឹរ៉ុប ចាប់ផ្ដើមមករស់នៅជាបន្ដបន្ទាប់។ មកទល់សព្វថ្ងៃនេះ តំបន់វាលសាហារ៉ា មានមនុស្សរស់នៅខ្ទង់ ៤ លាននាក់ ដោយភាគច្រើននៅក្នុងតំបន់ប្រទេសអាល់ហ្សេរី, អេហ្ស៊ីប, ម៉ូរីតានី, លីប៊ីយ៉ា និងតំបន់សាហារ៉ាខាងលិច។ មនុស្សរស់នៅតំបន់វាលសាហារ៉ា ភាគច្រើនពុំមែនរស់នៅក្នុងក្រុង ឬភូមិនោះទេ ពោលគឺគេរស់នៅបែបក្រុមសម្ព័ន្ធ និងចល័តពីតំបន់មួយទៅតំបន់មួយមិនពិតប្រាកដឡើយ ដូចនេះហើយទើបមនុស្សរស់នៅតំបន់វាលសាហារ៉ា ជាជនជាតិផ្សេងៗ និងប្រើប្រាស់ភាសាអារ៉ាប់ជាគោល ជាមួយរបរស្វែងរកវត្ថុមានតម្លៃដូចជាការជីករករ៉ែ និងស្ពាន់ជាដើម។

ចំណែកសត្វវិញ នៅតំបន់កណ្ដាលវាលសាហារ៉ា ភាគច្រើនមានសុទ្ធសឹងតែសត្វល្មូនរស់នៅ ដូចជាពស់ខ្សាច់ (Cerastes vipera), បង្គួយថ្លែន (Scincus scincus) ដែលជាអម្បូរសត្វធន់នឹងកម្ដៅក្ដៅ និងមានស្បែកអាចរស់នៅដោយគ្មានសំណើមបាន ប៉ុន្តែក៏មានថនិកសត្វប្រហែល ៧០ ប្រភេទរស់នៅផ្សេងទៀតផងដែរ ដូចជាសត្វឆ្កែចចក Hyena, កណ្ដុរ Gerbil, ចចកខ្សាច់ Tibetan fox -ល-។