គន្លឹះ ៧ យ៉ាងនឹងជម្រុញឲ្យអ្នកក្លាយជាមនុស្សកាន់តែរីករាយ ជារៀងរាល់ថ្ងៃ!

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងតែ ជួបប្រទះនូវរឿងរ៉ាវជាច្រើន ដែលរឿងខ្លះ វាគឺជាការលទ្ធផលឆ្លើយតប ស្របទៅតាមការរំពឹងទុក ប៉ុន្តែខ្លះទៀត វាក៏ជាបញ្ហាដែលត្រូវដោះស្រាយជាហូរហែ។ ក្នុងលំនាំទាំងនេះហើយ ដែលមនុស្សភាគច្រើន មិនអាចរស់នៅដោយភាពរីករាយពេញលេញនោះឡើយ ពួកគេតែងតែមានអារម្មណ៍តានតឹង បារម្ភច្រើន ហើយក៏អាចប៉ះពាល់ដល់ដំណេករបស់ពួកគេទៀតផង។

អ្នកខ្លះទៀត ក៏គិតតែខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីឆ្ពោះទៅរកគោលដៅរបស់ពួកគេខ្លាំងពេក ដោយគេតែងតែគិតថាសុភមង្គលត្រូវបានរកឃើញនៅក្នុងសមិទ្ធផលនៃគោលដៅទាំងនោះ រហូតដល់ពុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្លួនឯង ដែលនេះក៏ជាមូលហេតុធ្វើឲ្យការរស់នៅរបស់ពួកគេ មានស្ត្រេសច្រើន ពុំមានភាពស្ងប់ស្ងាត់ផងដែរ។ យ៉ាងណាអ្នកត្រូវដឹងថា សមិទ្ធផលនៃការងារ ឬគោលដៅមានពេលត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែសុភមង្គល និងសុខភាពផ្លូវចិត្តគឺមិនងាយនឹងត្រឡប់ទៅរកភាពប្រក្រតីឡើយ។ មនុស្សជោគជ័យ និងមានសេចក្តីសុខពេញលេញ គឺជាមនុស្សដែលរុករកពិភពទាំងពីរ ពោលគឺភាពជោគជ័យក្នុងគោលដៅដែលបានប៉ង និងសេចក្តីសុខ ភាពសប្បាយរីករាយផ្លូវចិត្ត។ 

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញប្រិយមិត្តអ្នកអាន នូវគន្លឹះសំខាន់ៗ ងាយៗ ៧ យ៉ាងក្នុងការអនុវត្ត ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងក្លាយជាមនុស្សដែលមានភាពរីករាយជារៀងរាល់ថ្ងៃ។ 

 

១. ដំណកដង្ហើម

ការដកដង្ហើមគឺជារឿងដែលសំខាន់ ក្នុងការជួយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់។ ការដកដង្ហើមធំ នៅក្នុងកំឡុងពេលនិយាយឆ្លើយឆ្លង ឬធ្វើបទបង្ហាញអ្វីមួយ បង្ហាញថាអ្នកកំពុងជួបប្រទះនូវបញ្ហាអ្វីមួយ ដែលកើតឡើងដោយមិនបានព្រាងទុក ក៏ដូចជាការបង្ហាញពីភាពស្មោះត្រង់ នៅក្នុងរាល់ការសន្ទនា ជាមួយនឹងនរណាម្នាក់នូវការបង្ហាញវត្តមានពេញលេញរបស់អ្នក និងកម្រិតនៃការយល់ដឹងដោយខ្លួនឯងជាដើម។ វាក៏បង្ហាញពីការភ្លាត់ស្នៀត នូវសកម្មភាពអ្វីមួយ ដោយមិនបានហាត់សមជាមុនផងដែរ។ 

អ្នកត្រូវអនុវត្តដំណកដង្ហើម ជាមួយនឹងការធ្វើអារម្មណ៍ឲ្យនឹងនរ ដោយពុំគិតពីអ្វីឡើយ ដកដង្ហើមវែងមួយហើយមួយទៀត ដោយមិននាំគំនិតណាផ្សេងពីខាងក្រៅចូលទៅក្នុងគំនិតដើមដែលអ្នកកំពុងគិតឡើយ។ ដកដង្ហើមចេញ ដកដង្ហើមចូល រៀងរាល់ពេល ៥ វិនាទីម្តង។ អ្នកអាចអនុវត្តបាន ហើយអ្នកនឹងភ្ញាក់ផ្អើល នៅពេលដែលផ្លូវចិត្តរបស់អ្នកចាប់ផ្តើមស្ងប់ស្ងាត់ និងធ្វើការ Refresh បន្តិចម្តងៗ ហើយប្រព័ន្ធផ្លូវចិត្តរបស់អ្នកនឹងចាប់ផ្តើមស្រួច គិតបានច្បាស់ពីអ្វីដែលកំពុងធ្វើ ធ្វើដោយរបៀបណា រឿងដែលអ្នកត្រូវធ្វើជាបន្តបន្ទាប់ ឬទីកន្លែងដែលអ្នកត្រូវទៅបន្ទាប់។ 

ចាប់ផ្តើមអនុវត្តដំណកដង្ហើមវែងៗ គំលាត ៥ វិនាទី ជាមួយនឹងការធ្វើចិត្តឲ្យស្ងប់ អ្នកនឹងមានអារម្មណ៍ធូរស្រាល។ ដង្ហើមគឺជាឬសគល់នៃសុភមង្គលផ្លូវចិត្ត ជាវិធីក្នុងការបញ្ចេញភាពតានតឹង ភាពនឿយហត់ និងជាការត្រៀមខ្លួនក្នុងការដើរបន្ត លើផ្លូវដែលអ្នកបានកំណត់ឲ្យបានកាន់តែលឿន។

 

២. ស្តាប់

រឿងមិនសប្បាយចិត្តជាច្រើន កើតចេញពីភាពមិនច្បាស់លាស់នៃការស្តាប់ និងកង្វះក្នុងការស្តាប់។ ខួរក្បាលរបស់យើងជាកន្លែងប្រមូលផ្តុំនូវរឿងរ៉ាវជាច្រើន ដែលទទួលបានមួយផ្នែកធំពីការស្តាប់។ យើងតែងតែគិតពីអ្វីមួយ ដែលយើងបម្រុងនឹងនិយាយចេញ អ្វីដែលអ្នកដទៃកំពុងគិតមកលើយើង និងអ្វីដែលទឹកមុខរបស់យើងកំពុងបង្ហាញដល់ពួកគេ។ 

 

ការស្តាប់ឲ្យបានច្បាស់ គឺបានន័យថាការទម្លាក់អ្វីដែលអ្នកបានគិត ចេញក្រៅតាមយរយៈការនិយាយ និងទទួលយកពាក្យសម្តីរបស់ដៃគូសន្ទនាចូលទៅក្នុងចិត្តរបស់អ្នក។ ការស្តាប់គឺជាទម្រង់នៃការបង្ហាញពីវត្តមាន និងបង្កើតបានជាចន្លោះរវាងអ្នក និងមនុស្សម្នាក់ទៀតដែលត្រូវស្តាប់។ រៀនស្តាប់គឺជាលំនាំសិល្បៈពីធម្មជាតិ ហើយសិល្បៈនោះនឹងបង្កើតបានជាសុភមង្គលរវាងភាគីទាំងសងខាង និងជៀសបានពីរឿងអវិជ្ជមាន ក៏ដូចជារឿងយល់ច្រឡំជាច្រើនផងដែរ។

 

៣. មើល

ភ្នែកគឺជាអំណោយពីធម្មជាតិ ដែលយើងទទួលបានតាំងពីកំណើត។ យើងអាចផ្តិតបាននូវទស្សនីយភាពទាំងឡាយ នៅក្នុងពិភពលោក ចូលទៅក្នុងខួរក្បាលរបស់យើងបានតាមរយៈភ្នែកទាំងគូនេះហើយ។ ដើម្បីមើលឲ្យស៊ីជម្រៅទៅលើអ្វីមួយ ឬនរណាម្នាក់ យើងត្រូវពិនិត្យឲ្យបានច្បាស់ បញ្ជូនអ្វីដែលយើងបានឃើញ ចូលទៅក្នុងអារម្មណ៍ និងខួរក្បាល និងចាប់ផ្តើមធ្វើការពិចារណា។ ដោយឡែក ពេលខ្លះទៀត នៅពេលដែលយើងស្លុងអារម្មណ៍ទៅលើការងាររបស់យើង យើងអាចធ្វើការឆ្លងទៅមកតាមរយៈភ្នែករបស់យើង ពិនិត្យនិងបំពេញការងាររាប់ម៉ោងរហូតដល់មិនចាប់ភ្លឹក ថាដល់ម៉ោងឡើយ ដែលនេះក៏ជាទម្រង់មួយទទួលបានពីការមើល បង្ហាញពីវត្តមានរបស់អ្នកទៅលើអ្វីមួយ។ 

ព្យាយាមមើលទៅលើពិភពលោក ជាមួយនឹងភាពវិជ្ជមាន ទស្សនីយភាពល្អៗគួរជាទីចងចាំ មុននឹងបញ្ជូនទៅរក្សាទុកនៅក្នុងខួរក្បាល។ អ្នកក៏អាចចាប់ផ្តើមមើលជុំវិញខ្លួន ប៉ុន្តែកុំមើលដោយមានគោលបំណង ឬការវិនិច្ឆ័យអ្វីឡើយ គប្បីមើល ក្នុងការចាប់យកអារម្មណ៍បែបរីករាយ នូវអ្វីដែលអ្នកបានឃើញ។

 

៤. ទទួលអារម្មណ៍

នៅក្នុងការសមាធិ (Meditation) មានវិធីសាស្ត្រមួយ ដែលគេហៅថាការផ្តោតអារម្មណ៍ពីរផ្លូវ (Dual Focus)។ នេះគឺជាកន្លែងដែលអ្នកបញ្ចូលលំហាត់ដកដង្ហើមរបស់អ្នក ដោយចេតនាជាមួយនឹងការត្រដុសម្រាមដៃ និងមេដៃរបស់អ្នកដោយបង្កើតបានជាចំណុចផ្តោតសំខាន់ទីពីរ។ ប្រសិនបើអ្នកអាចផ្តោតលើទាំងដង្ហើម និងអារម្មណ៍នៃម្រាមដៃ និងមេដៃរបស់អ្នក ក្នុងពេលដំណាលគ្នាអ្នកនឹងមិនមានកន្លែងទំនេរ នៅក្នុងខួរក្បាលរបស់អ្នកសម្រាប់គិតទៅលើរឿងអ្វីមួយទេ - ហើយបើគ្មានគំនិត អ្នកនឹងធ្លាក់ចូលទៅក្នុងសភាព នៃការធ្វើសមាធិតែម្តង។

ដើម្បីនាំខ្លួនអ្នក ចេញពីខួរក្បាលរបស់អ្នក ហើយត្រលប់ទៅរកសុភមង្គលនៃអារម្មណ៍ស្ងប់ស្ងាត់នៅក្នុងកំឡុងពេលណាមួយ សូមប្រើការប៉ះ (Use Touch)។ ត្រដុសម្រាមដៃរបស់អ្នកជាមួយគ្នា ហើយផ្តោតអារម្មណ៍របស់វា អ្នកនឹងបើកសេរីភាពនៃផ្លូវចិត្តរបស់អ្នក។ ដោយឡែកនៅក្នុងអាជីព និងការខិតខំប្រឹងប្រែងលើការងារ ដែលត្រូវការពេលវេលាច្រើន នៅពីមុខកុំព្យូទ័រ វាអាចងាយបាត់បង់ការភ្ជាប់ទៅនឹង សារៈសំខាន់នៃការប៉ះ និងរំញោចនៃរាងកាយរបស់អ្នក។

នៅក្នុងការរស់នៅប្រកបដោយភាពរីករាយ គប្បីមានពេលវេលាលំហែណាមួយ សម្រាប់ខ្លួនឯង ប្រកបដោយភាពជិតស្និទ្ធិជាមួយនឹងក្រុមគ្រួសារ ហើយនៅពេលដែលយើងមានពេលទាំងនោះខ្លះ និងធ្វើវាបាន យើងនឹងមានអារម្មណ៍រីករាយ និងមានភាព Refresh បានច្រើន មុននឹងត្រឡប់ទៅរកការបន្តការងារវិញ។

 

៥. រសជាតិ 

នៅក្នុងចំណុចនេះ គឺផ្តោតទៅលើការជ្រើសរើសប្រភេទក្រុមអាហារ ដែលល្អសម្រាប់សុខភាព។ ចៀសវាងអាហារដែលមានខ្លាញ់ពេក ផ្អែមពេក ហិរពេក ប្រៃពេក ឬសំបូរសារធាតុគីមី។ គួររៀបចំរបបអាហារឲ្យបានត្រឹមត្រូវ អ្នកអាចអង្គុយនិងរីករាយជាមួយមនុស្សជិតស្និទ្ធិ ឬគ្រួសារ ក្នុងការជជែកកម្សាន្ត អមជាមួយនឹងការទទួលអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព បន្ទាប់ពីនេះហើយរីករាយជាមួយនឹងបង្អែមជាផ្លែឈើលាងមាត់បាន។ អ្នកត្រូវស្វែងយល់ពីការរក្សាសុខភាពតាមអាហារដែលអ្នកទទួលទាន និងធ្វើយ៉ាងណាឲ្យរាងកាយរបស់អ្នកមានភាពរឹងមាំផងដែរ។ ត្រូវចងចាំថា សុភមង្គលរបស់យើង ក៏បានចាក់ឬស និងស្ថិតនៅក្នុងរាងកាយរបស់យើង ដូចនេះត្រូវថែរក្សាសុខភាពឲ្យបានល្អ។

 

៦. ធម្មជាតិ

ធម្មជាតិគឺតែងតែជាផ្នែកសំខាន់មួយនៃជីវិតរបស់យើង។ អារម្មណ៍តានតឹង ធុញទ្រាន់ ការអស់កម្លាំង និងមិនសប្បាយចិត្ត តែងកើតចិត្តពីបញ្ហាដែលយើងបានជួបប្រទះជារៀងរាល់ថ្ងៃ នៅក្នុងការងារ លើពិភពនៃផ្ទៃដី ទីប្រជុំជន អមដោយភាពអ៊ូអរ និងផ្សែងពុលនៅលាយឡំក្នុងខ្យល់ផងដែរ។ សំពាធ បញ្ហា រួមផ្សំដោយបរិស្ថានជុំវិញមិនអំណោយផល អាចធ្វើឲ្យស្ថានភាពផ្លូវអារម្មណ៍កាន់តែធ្ងន់ធ្ងរឡើង និងអាចប្រឈមនឹងជម្ងឺនាពេលខាងមុខផងដែរ។ 

បើយោងតាមក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញខាងចិត្តសាស្ត្របានឲ្យដឹងថា ធម្មជាតិគឺជាគ្រឿងដ៏ចាំបាច់ក្នុងការដោះស្រាយបញ្ហាខាងលើនេះ។ វាអាចជួយបន្សាបជាតិពុលចេញពីក្នុងខ្លួនតាមដំណកដង្ហើម ជាមួយនឹងខ្យល់បរិសុទ្ធ ផ្តល់ទេសភាពបៃតងត្រជាក់ភ្នែក ខ្យល់តិចៗបក់មកប៉ះនឹងខ្លួន ជាវិធីសាស្ត្រព្យាបាលផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាពជាទីបំផុត។ គប្បីចំណាយពេលឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ ចូលទៅកាន់សួនច្បារដែលនៅជិតផ្ទះរបស់អ្នក ទីកន្លែងដែលមានដើមឈើ និងមានខ្យល់បរិសុទ្ធជាដើម ឬបើសិនជាគ្មានពេលវេលាគ្រប់គ្រាន់ទេ អ្នកក៏អាចធ្វើដំណើរកម្សាន្តចុងសប្តាហ៍ ទៅកាន់តំបន់ធម្មជាតិ ដែលអ្នកពេញចិត្តផងដែរ។ 

 

៧. ឆ្ពោះទៅរកក្តីសុបិន្ត

មនុស្សម្នាក់ៗតែងតែមានក្តីសុបិន្ត ចង់បានអ្វីមួយ ឬក្លាយជាអ្វីមួយជាដើម។ សុបិន្តល្អ គឺជាអ្វីដែលមនុស្សទូទៅចង់បានវាឲ្យក្លាយជាការពិត ទាំងដែលខណៈពេលបច្ចុប្បន្ន វាពុំទាន់មាននៅឡើយទេ។ ចាប់ផ្តើមឆ្លៀតពេល រៀបចំផែនការឆ្ពោះទៅរកសុបិន្តរបស់អ្នក ហើយឆ្លៀតពេលធ្វើវាបន្តិចម្តងៗ ជាមួយនឹងការចំណាយពេលខ្ទង់ ៣០ នាទី ឬ ១ ម៉ោងក្នុងមួយថ្ងៃ។ នៅរាល់ពេលដែលអ្នកធ្វើវា អ្នកនឹងឃើញពីលទ្ធផលដែលទទួលបាន ពីមួយថ្ងៃទៅមួយថ្ងៃ និងទទួលដឹងថា អ្នកអាចទៅដល់គោលដៅដែលអ្នកប្រាថ្នា ក្នុងខណៈពេលណាមួយនាពេលអនាគត។ 

រាល់អ្វីដែលអ្នកធ្វើតាមផែនការ អ្នកនឹងជួបរឿងភ្ញាក់ផ្អើលជាច្រើននៅក្នុងនោះ ហើយវាក៏ជាចំណែកមួយ ដែលអ្នកនឹងទទួលបានអារម្មណ៍រំភើប និងរីករាយនៅក្នុងនោះផងដែរ។